ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ និងគ្រួសារជួបការលំបាក
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និង ប្រជាពលរដ្ឋជួបការលំបាកនៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រួមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោកជំទាវ កែវ ច័ន្ទមុន្នី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី សហជីពសហព័នន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីអតីតប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីបងប្អូនទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច ទោះបីមិនបានរស់នៅជាមួយគ្នា ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយរបស់បងប្អូនទំាងអស់ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗរងផលប៉ះពាល់នូវជម្ងឺបណ្ដាលមកពីការប្រែប្រួលធាតុអាកាស ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅតំបន់ទំនាប សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីធនធានទឹក មន្ត្រីបរិស្ថាន និងអ្នកសារព័ត៌មាន សូមយកចិត្តទុកដាក់ និងតាមដានរាល់បម្រែបម្រួលអាកាសធាតុ បើមានការសង្ស័យផ្ទៃមេឃងងឹត ខ្យល់បក់បោកខ្លាំង និងបញ្ហាប្រឈមនានាដោយសារខ្យ់ព្យុះ សូមប្រញាប់រាយការណ៍ជាបន្ទាន់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ នៅពេលប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។

ថ្លែងក្នុងបរិបទនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងថ្នាក់ដឹកនាំខេត្តបាននាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ និងប្រជាពលរដ្ឋជួបការលំបាកចំនួន១០៧គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៣០គ.ក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕
ដោយ បៃ ស៊ីថុន





