ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអង្គរបូរី ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--រដ្ឋបាលខេត្តតាកែវបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរីថ្មី ដោយប្រកាសចូលកាន់មុខតំណែង លោក កង អាណាន់ ជាអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរីថ្មី ជំនួសលោក រស់ ប៊ុនធឿន ដែលបានទទួលមរណភាពនាពេលកន្លងទៅ។

គួរបញ្ជាក់ថា លោក កង អាណាន់ ធ្លាប់បម្រើការងារជាអភិបាលនៃគណៈអភិបាលក្រុងដូនកែវ រយៈពេល៧ឆ្នាំ ៥ខែ។ក្នុងពេលលោកជាអភិបាលនៃគណៈអភិបាលក្រុងដូនកែវ លោក កង អា ណាន់ សកម្មក្នុងការងារ ដឹកនាំយុវជនចុះធ្វើកិច្ចការងារមនុស្សធម៌ និងចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកនៅតាមមូលដ្ឋានផងដែរ។

ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកអង្គរបូរី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការផ្ដាំផ្ញើដល់លោកអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ដែលទើបតែងតាំងថ្មីនៅពេលនេះ ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់។ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋស្រុកអង្គរបូរី ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។
ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គរបូរី ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ក្នុងការកសាង និងអភិវឌ្ឍស្រុក ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។សមិទ្ធផលជាច្រើនដែលកើតឡើងទាំងនេះ គឺមិនអាចសម្រេចបាននោះទេ បើគ្មានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា លោកអភិបាលស្រុកអង្គរបូរីដែលទើបតែងតាំងថ្មី ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ រវាងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីជាកម្លាំងសរុបក្នុងការអភិវឌ្ឍមូលដ្ឋាន។ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានលឿន រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍"បម្រើរាស្ត្រឱ្យអស់ពីចិត្ត"។ បន្តជំរុញការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តបានសម្តែងការជឿជាក់យ៉ាងមុតមាំថា លោកអភិបាលស្រុកអង្គរបូរីថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ដែលមាន ដើម្បីដឹកនាំស្រុកអង្គរបូរី ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕
ដោយ អ៊ុច សៀង





