រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦–«រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់»។ នេះជាការគូសបញ្ជាក់របស់ សម្ដេចធិបតី។

តាមរយៈ សារលិខិត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នាព្រឹកថ្ងៃចន្ទនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតទោះបីជា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្កការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើនក៏ដោយ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងដល់ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួល ដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។
លើសពីនេះ តាមរយៈការពិភាក្សានិងឯកភាពជាមួយ ភាគីនិយោជក រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់ មករកប្រក្រតីភាពវិញ។
ជាលទ្ធផល ដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗនិងប្រាក់សោហ៊ុយ ធ្វើដំណើរបណ្តោះអាសន្ននេះ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលជាក់ស្តែងទាបបំផុតចន្លោះ ២២៩,៥ ដល់ ២៤០,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។
រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹងនិងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃ របបសន្តិសុខសង្គមជាបន្តបន្ទាប់។
ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះ។
ស្របតាម រាជរដ្ឋាភិបាលបានបន្តខិតខំលើកកម្ពស់សុខដុមនីយកម្មនិងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ច្បាប់ជាតិនិងបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាលទ្ធផល គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ អង្គការវិជ្ជាជីវៈចំនួន ៦ ៩២០ បានចុះបញ្ជីកា ក្នុងនោះរួមមាន សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ៥៧៩ និងសមាគមនិយោជកចំនួន ១៣។ ដោយឡែក យន្តការដោះស្រាយវិវាទការងារត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរជាងមុន ទាំងនៅកម្រិតក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយសម្រេចបានអត្រាសះជាខ្ពស់រហូតដល់ ៩៧,៩២% ដែលតួលេខនេះ ឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈនិងស្ថិរភាពក្នុងចង្វាក់ផលិតកម្ម។
ក្នុងគោលដៅលើកកម្ពស់ការងារសមរម្យ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ខាងការងារ អនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសចំនួន ៦ដំណាក់កាល និងកម្មវិធីមុខរបរនិងការងារ សមរម្យសម្រាប់យុវជនកម្ពុជាចំនួន ៣ដំណាក់កាល គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានិងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ កម្ពុជាក៏បានដើរតួជា ប្រទេសត្រួសត្រាយផ្លូវគំរូ ក្នុងគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់ អន្តរកាលយុត្តិធម៌ ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ កាលពីចុងឆ្នាំ២០២៤ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់បំផុត៕
ដោយ៖ គង់ សិរីរ័ត្ន





