អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការគំរាមកំហែងដើម្បីឱ្យកិច្ចចរចាបន្តឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- អ្នកចរចាអ៊ីរ៉ង់ជឿជាក់ថា ការបន្ទន់វោហាសាស្ត្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) ចំពោះទីក្រុងតេអេរ៉ង់អាចជួយបន្តកិច្ចចរចាឡើងវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អ៊ីរ៉ង់បានជូនដំណឹងដល់ប្រទេសប៉ាគីស្ថានហើយថា «ការបញ្ចប់ការគំរាមកំហែងបែបនេះរបស់មេដឹកនាំអាម៉េរិកអាចជួយបញ្ចុះបញ្ចូលពួកអ្នករឹងរូសថា ឥឡូវនេះជាពេលវេលាដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ»។
អត្ថបទនេះបានកត់សម្គាល់ថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី (Abbas Araghchi) អាចសន្និដ្ឋានបានថា កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន គឺអាចធ្វើទៅបាន ក្នុងករណីនេះភាគីនានាអាចជួបគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
នៅពេលមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បានលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់ប្រធានាធិបតី លោក ស្ទីវ វីតកូហ្វ (Steve Witkoff)និងអ្នកជំនួញ លោក ចារ៉េដ គូស្ន័រ (Jared Kushner) ទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចចរចាជាមួយអ៊ីរ៉ង់ ដោយបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ «ខ្ជះខ្ជាយពេលវេលាច្រើនពេកទៅលើការធ្វើដំណើរ និងការងារច្រើនពេក»។ នៅថ្ងៃទី២៤ ខែមេសា អ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Axios លោក បារ៉ាក់ រ៉ាវីដ (Barak Ravid) បានរាយការណ៍ដោយដកស្រង់ពីប្រភពរបស់ខ្លួនថា កិច្ចចរចាដោយផ្ទាល់រវាងគណៈប្រតិភូអាម៉េរិក និងអ៊ីរ៉ង់ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ នៅទីក្រុងអ៊ីស្លាម៉ាបាដ។ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន លាវីត (Karoline Leavitt) បានឱ្យដឹងថា លោក វីតកូហ្វ និងលោក គូស្ន័រត្រូវបានគ្រោងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃទី២៥ខែមេសា ដើម្បីស្តាប់ជំហររបស់ភាគីអ៊ីរ៉ង់។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកាសនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសស្ម៊ែល បាកាអ៊ី (Esmaeil Baghaei)បាននិយាយថា ទីក្រុងតេអេរ៉ង់មិនមានគម្រោងជួបជាមួយបេសកជនអាម៉េរិកក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក អារ៉ាកឈី ទៅកាន់ប្រទេសប៉ាគីស្ថាននោះទេ។ លោកបានសង្កត់ធ្ងន់ថា អ្នកការទូតកំពូលអ៊ីរ៉ង់នឹងជួបតែជាមួយមន្ត្រីប៉ាគីស្ថានជាន់ខ្ពស់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ាប៉ុណ្ណោះ។ នៅថ្ងៃទី២៥ ខែមេសា ប៉ុស្តិ៍ទូរទស្សន៍ Al Hadath បានរាយការណ៍ថា លោក អារ៉ាកឈី បានចាកចេញពីទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីប៉ាគីស្ថាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





