ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារប៊ុលហ្គារីនឹងត្រួតពិនិត្យការនាំចូលទឹកដោះគោឆៅ និងទឹកដោះគោខាប់ទាំងអស់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារប៊ុលហ្គារី (BFSA) នឹងត្រួតពិនិត្យការដឹកជញ្ជូនទឹកដោះគោឆៅនិងទឹកដោះគោខាប់ទាំងអស់ដែលចូលទៅក្នុងប្រទេសប៊ុលហ្គារី ដោយមិនគិតថា តើវាមកពីសហភាពអឺរ៉ុប ឬប្រទេសទីបីណាមួយនោះទេ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារកាលពីចុងសប្តាហ៍។ យោងតាមទីភ្នាក់ារ BFSA បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានតែ ១០% នៃបរិមាណដែលនាំចូលទៅក្នុងប្រទេសប៊ុលហ្គារីប៉ុណ្ណោះ ដែលត្រូវបានត្រួតពិនិត្យ។
តាមបទបញ្ជារបស់នាយកប្រតិបត្តិទីភ្នាក់ងារ BFSA លោកស្រី អេនជែល ម៉ាវរ៉ូវស្គី (Angel Mavrovski) ទឹកដោះគោដែលមានបំណងកែច្នៃនិងលក់នៅក្នុងប្រទេសប៊ុលហ្គារីនឹងត្រូវបានត្រួតពិនិត្យដោយផ្អែកលើឯកសារ ទាំងផ្នែករូបវន្តសម្រាប់អត្តសញ្ញាណ និងសម្រាប់សំណល់នៃថ្នាំអង់ទីប៊ីយោទិច និងថ្នាំដទៃទៀត។ គំរូនឹងត្រូវបានបញ្ជូនទៅធ្វើការវិភាគទៅកាន់មន្ទីរពិសោធន៍ដែលមានការទទួលស្គាល់នៅនាយកដ្ឋានសុវត្ថិភាពចំណីអាហារក្នុងតំបន់នៅទីក្រុងសូហ្វីយ៉ា ទីក្រុងស៊ូមេន និងទីក្រុងហាស្កូវ៉ូ។ ការប្រមូល និងការធ្វើតេស្តគំរូនឹងត្រូវចំណាយដោយប្រតិបត្តិករអាជីវកម្ម។
ការិយាល័យតំបន់នឹងរាយការណ៍ទៅរដ្ឋបាលកណ្តាលនៃទីភ្នាក់ងារBFSA អំពីចំនួនគំរូដែលបានយក លទ្ធផលនៃការវិភាគ ការរំលោភបំពានណាមួយដែលបានកំណត់ និងសកម្មភាពដែលបានធ្វើ ដែលវានឹងធានាបាននូវការត្រួតពិនិត្យ និងការតាមដានកាន់តែប្រសើរឡើងនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល។
ការកើនឡើងដប់ដងនៃការគ្រប់គ្រងលើទឹកដោះគោនាំចូលនេះ មានគោលបំណងកាត់បន្ថយហានិភ័យនៃផលិតផលទឹកដោះគោដែលមានផ្ទុកសំណល់ថ្នាំអង់ទីប៊ីយ៉ូទិកនៅក្នុងទីផ្សារ និងដើម្បីកំណត់ការប្រកួតប្រជែងមិនយុត្តិធម៌ដែលប៉ះពាល់ដល់កសិករផលិតទឹកដោះគោប៊ុលហ្គារី។
លោក ហ្សែលយ៉ូ ប៊យឆេវ (Zhelyo Boychev) អនុប្រធានគណៈកម្មការការពារការប្រកួតប្រជែងបានរាយការណ៍កាលពីថ្ងៃទី១០ខែមីនាថា ការនាំចូលទឹកដោះគោបានកើនឡើងជិត ៤៥% ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ខណៈដែលការផលិតទឹកដោះគោឆៅបានធ្លាក់ចុះ២៥%៕





