ក្រសួងប្រៃសណីយ៍ រៀបចំទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦--
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) សហការជាមួយ ក្លឹបសរសេរកូដស្រ្តី(Sisters of Code) វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប (IT Academy STEP) កម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងៗ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន” ឆ្នាំ២០២៦ ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ។

ព្រឹត្តិការណ៍អបអរសាទរនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឲ្យក្មេងស្រី និងស្រ្តីយល់ដឹង និងចាប់អារម្មណ៍ទៅលើការសិក្សា និងការងារ ផ្នែកបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលសកម្មភាពអប់រំជាច្រើនដូចជា ការថ្លែងសុន្ទរកថាខ្លីពីស្រ្តីជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាតុមូល រវាងស្រ្តីក្រោមប្រធានបទ ស្រ្តីក្នុងវិស័យបញ្ញាសិប្បនិម្មិត និងការបង្ហាញផ្ទាល់ដោយក្មេងស្រី អំពីការបង្កើតគេហទំព័រក្នុងដោយប្រើបញ្ញាសិប្បនិម្មិតជាជំនួយ ។

ក្នុងព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងសាធារណជនសរុបប្រមាណ ៣៧០ នាក់ នៅទីស្តីការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





