យុវជនកុំអាលភ័យ ការអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា គឺអាស្រ័យលើតម្រូវការកងទ័ពប្រចាំឆ្នាំ មិនយកម្ដងទាំងអស់ក្នុង១ឆ្នាំៗទេ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦--
ជាការបកស្រាយបឋមដោយសារច្បាប់កាតព្វកិច្ចយោធា មិនទាន់ឆ្លងសភា ព្រឹទ្ធសភា និងព្រះរាជក្រមដាក់ឱ្យជាច្បាប់ដំណើរនៅឡើយ ដែលអាចនឹងមានការកែប្រែមួយចំនួនផងនោះ ខណៈមានអ្នកអត្ថាធិប្បាយខ្លះចំគោលគំនិតហើយ ប៉ុន្តែការអនុវត្តន៍មានការខុសប្លែកបន្តិចពីការគិត បងប្អូនថា អាយុ១8-២៥ឆ្នាំត្រូវអនុវត្តកាតព្វកិច្ច ភាគច្រើនគិតថា ចាប់ផ្ដើមទៅត្រូវតែប្រមូលទាំងអស់យកមកតែម្ដង។ នេះជាការលើកឡើងរបស់ សម្ដេធិបតី ហ៊ុន ម៉ាណែត។

ជុំវិញបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា មានប្រទេសជាច្រើនលើពិភពលោកគឺមានការអនុវត្តខុសគ្នា ប្រទេសខ្លះដូចស៊ីងហ្កាពួដោយសារប្រជាជនគេតិច អីចឹងគឺស្មើគ្នាទាំងអស់ ១៨ឆ្នាំគឺចូលមកទាំងអស់ ក្នុងពេលតែមួយ លើកលែងតែករណីមិនដល់១ភាគរយផង អាចឱ្យធ្វើពេលខុសគ្នា នៅស៊ីងហ្កាពួ អ្នកជាប់កាតព្វកិច្ចគ្រាប់១៨ឆ្នាំមានមិនដល់៣ម៉ឺននាក់ផងក្នុង១ឆ្នាំ ខណៈប្រទេសខ្លះទៀត គេអត់ធ្វើកាតព្វកិច្ចក្នុងពេលដំណាលគ្នាទាំងអស់ទេ ព្រោះតម្រូវការកងទ័ព។
ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសានេះ សម្ដេចធិបតី បានពន្យល់ថែមទាំងបានលើកជាឧទាហរណ៍ថា «ប្រជាជនគ្រប់អាយុ៥លាននាក់ គេមិនហៅទាំង៥លាននាក់មកធ្វើទ័ពទាំងអស់ទេ គេយកតាមតម្រូវការកងទ័ព ហើយគេចុចឈ្មោះ គេអាចចុចឈ្មោះតាមរយៈចាប់ឆ្នោត ដូចនៅប្រទេសជិតខាងយើង គេចាប់ឆ្នោត បានន័យថា ប៉ុន្មាននាក់ហ្នឹង អ្នកចំឈ្មោះមាន១លាននាក់ តែឆ្នាំហ្នឹងគេត្រូវការតែ៥ម៉ឺននាក់ទេ ចឹងគេមានតែហៅមកចាប់ឆ្នោត យកតែ៥ម៉ឺននាក់ អ្នកក្រៅពីហ្នឹង រួចខ្លួន ចាំឆ្នាំក្រោយមកចាប់ទៀត រហូតទាល់តែអាយុផុតកាតព្វកិច្ច អីចឹងសម្រាប់នៅកម្ពុជារបស់យើងគឺយើងយករូបមន្តទី២ ចឹងកុំថា ១៨-២៥ភ័យ ខ្ញុំកំពុងតែរៀនផង តិចភ័យ ទៅយ៉ាងម៉េចៗ អត់ទេ យើងមានតាមតម្រូវការនៃកងទ័ពរបស់យើងព្រោះ បើយើងនិយាយក្នុង១ឆ្នាំអាយុ១៨ ទាំងស្រីទាំងប្រុស ដូចមាន៣០ម៉ឺននាក់ជាង ចឹងក្នុងនោះប្រុសមានប្រហែល១៥ម៉ឺននាក់ គុណនឹង៨ឆ្នាំ ព្រោះ ១៨ទៅ២៥ ឆ្នាំក្នុង១ឆ្នាំយើងមាន១លាននាក់ កងទ័ពមិនអាចយក១លាននាក់មកហ្វឹកហ្វឺនអត់លុយទេ ហើយក៏អត់កន្លែងដេកដែរ ហើយយើងក៏មិនត្រូវការ យក១លាននាក់មកដែរ ក្នុងពេលតែមួយ ចឹងចំនួនប៉ុន្មានអីប៉ុន្មាន គឺអាស្រ័យលើតម្រូវការកងទ័ពប្រចាំឆ្នាំ ឧទាហរណ៍៣ម៉ឺននាក់ ៥ម៉ឺននាក់ ១០ម៉ឺននាក់ នីតិវិធីឥឡូវកំពុងតែពិចារណា ពិភាក្សាគ្នា»។

បើតាម សម្ដេចធិបតី «កម្ពុជាមានរូមមន្តពីរគឺ រូបមន្តស្ម័គ្រចិត្ត និងរូបមន្តបង្ខំ ហេតុអ្វីកាតព្វកិច្ចមានឱ្យស្ម័គ្រចិត្ត ស្ម័គ្រចិត្តបានន័យថា អ្នកហ្នឹងត្រូវតែ បំពេញកាតព្វកិច្ចយោធា អ្នកខ្លះគាត់ថា ខ្ញុំចង់ធ្វើឆ្នាំហ្នឹងឱ្យហើយ ខ្ញុំដាក់ពាក្យចង់ធ្វើឆ្នាំហ្នឹង ចឹងអាទិភាពនៃការរើស យើងរើសអ្នកហ្នឹង កុំរំខានអ្នកផ្សេងដែលកំពុងជាប់ការងារ តែក្នុង១លាននាក់ហ្នឹងដដែល។ បើស្ម័គ្រចិត្តរើសមិនគ្រាន់ អាហ្នឹងចូលបង្ខំ ពាក្យថា កាតព្វកិច្ចអត់មានទៅសុំធ្វើសតិអារម្មណ៍ចូលទេ ចុចឈ្មោះមកបាទ តែវាមានកិច្ចការមួយចំនួនដែលត្រូវគិតគូរ»។
សូមរម្លឹកជូនថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការការពារមាតុភូមិដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





