មកដល់ពេលនេះ ប្រអប់ជម្រកត្រីសិប្បនិម្មិតចំនួន ២ ១៥២ប្រអប់ត្រូវបានទម្លាក់ចូលទៅក្នុងសមុទ្រ ក្នុងខេត្តជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២៦--
ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតចំនួន ១២ បន្ថែមទៀត នៅតំបន់កោះស្ដេចនេះ គឺជាបេសកកម្មអភិរក្សជីវៈចម្រុះកម្រិតអន្ដរជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព។នេះជាការបញ្ជាក់ពីសំណាក់ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីប្រកាសការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតនៅប្រជុំកោះស្តេច ដើម្បីការពារធនធានជីវៈចម្រុះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា កាលពីឆ្នាំ២០២៣ ប្រអប់ជម្រកត្រីសិប្បនិម្មិតចំនួន១៤ ដែលបានទម្លាក់រួចរាល់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសការប្រើអួនអូស ដែលជាសត្រូវដ៏គ្រោះថ្នាក់បំផុតចំពោះប្រភេទសត្វកម្រមាន៖ អេប៉ុង Neptune’s cup សេះសមុទ្រ និងស្មៅសមុទ្រ និងផ្កាថ្មប៉ប្រះទឹកជាដើម។

បើតាមលោកជំទាវអនុរដ្ឋលេខាធិការ យើងមិនអាចបណ្ដែតបណ្តោយឱ្យការនេសាទដ៏បំផ្លិចបំផ្លាញនេះ បន្ត «ប្លន់» យកធនធានធម្មជាតិពីយើងតទៅទៀតបានឡើយ។សម្រាប់ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិត មិនមែនគ្រាន់តែជាការងារបច្ចេកទេសធម្មតានោះទេ ប៉ុន្តែឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវ អ៊ឹម រចនា បានអំពាវនាវដល់សហគមន៍នេសាទ សហគមន៍មូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ច បន្តសហការគ្នា ដើម្បីការពារប្រអប់ជម្រកត្រីទាំងនេះ។ ការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹង រួមផ្សំនឹងដាក់ពង្រាយប្រអប់ជម្រកត្រីសិប្បនិម្មិតនេះ នឹងអាចឈានទៅធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់ប្រជាជននៅតំបន់កោះស្ដេចបាន។ ធានាបាន ព្រោះនៅពេលដែលផ្កាថ្ម និងស្មៅសមុទ្រអាចរក្សាបានគង់វង្ស នោះផលនេសាទនឹងកើនឡើង ដោយប្រកែកមិនបាន។

សូមជម្រាបថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការដៃគូនានា បានទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតបានសរុបចំនួន ២ ១៥២ប្រអប់ ក្នុងខេត្តជាប់តំបន់ឆ្នេរទាំង៤ នៅទូទាំងប្រទេសកម្ពុជា៕
ដោយ មករា





