ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យវឌ្ឍភាពការសាងសង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅភូមិកោះរ៉ុងសន្លឹម
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមេសា ឆ្នាំ២០២៦បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

លោក ឈិន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម បានឱ្យដឹងថា រាជរដ្ឋាភិបាលនិតិកាលទី៧ បានដាក់ចេញចក្ខុវិស័យ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយភូមិកោះរ៉ុងសន្លឹម ហើយសង្កាត់កោះរ៉ុងសន្លឹមកំពុងទាញយកចក្ខុវិស័យ ផ្លូវ ទឹក ភ្លើងជាចំណុចអាទិភាពសម្រាប់បំរើសេវាឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែដែលមានប្រវែងជាង ១០គីឡូម៉ែត្រ និងទទឹង១០ម៉ែត្រ ជាផ្លូវមេតភ្ជាប់ពីភូមិកោះរ៉ុងសន្លឹម (ភូមិ២៣) រហូតដល់ឆ្នេរកោះរ៉ុងសន្លឹម ក្នុងនោះក្រុមហ៊ុន ស្រ៊ុន ស្រីអូន Water ស៊ុបផ្លាយ បានសាងសង់ឈូសឆាយពង្រាបរយ:ពេលជាងមួយឆ្នាំមកហើយ ដែលមានទទឹង ១០ម៉ែត្រ បណ្តោយជាង ៤ ០០០ម៉ែត្រ និងក្រុម ហ៊ុនអេម៉ារីយ៉ូ និងជួយសាងសង់ផ្លូវមានប្រវែងជាង ៦គីឡូម៉ែត្រ តភ្ជាប់រហូតដល់ឆ្នេរកោះរ៉ុងសន្លឹម ហើយសមិទ្ធិផលនេះនឹងកើតចេញរូបរាង នៅពេលខាងមុខ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណគុណសប្បុ រសជនដែលបានចូលរួមជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុងសន្លឹមនាពេលនេះ ស្រប ទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានផ្តោតសំខាន់ទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាពិសេសភ្លើង និងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ ដែលរដ្ឋាភិបាលបានជំរុញការតភ្ជាប់បណ្តាញអគ្គិសនី ពីកោះរ៉ុង មកកាន់ភូមិកោះរ៉ុងសន្លឹម ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាវិស័យអាទិភាពមួយក្នុងចំណោមចក្ខុវិស័យទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណគុណសប្បុរសជនដែលបានជួយសាងសង់ផ្លូវ មេមួយខ្សែនេះតភ្ជាប់ពីភូមិ កោះរ៉ុងសន្លឹម មកកាន់ឆ្នេរកោះរ៉ុងដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ជាជំហានដំបូងយើងនឹងឈូសឆាយតម្រាយផ្លូវដើម្បីងាយស្រួលធ្វើដំណើរ និងឈានទៅចាក់ បេតុងនាពេលខាងមុខ ព្រោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាសសៃឈាមសេដ្ឋកិច្ចមិនអាចខ្វះបាន បើយើងមានផ្លូវយើងនឹង មានសង្ឃឹមក្នុងការធ្វើចរាចរណ៍កាន់តែមានភាព ងាយស្រួល ជាពិសេសក្នុងការដឹកជញ្ជូនទំនិញ ភ្ញៀវទេសចរ បានលឿន ឆាប់ ដូច្នេះយើងជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវចូល រួមជាមួយក្រុមហ៊ុនទាំងពីរដើម្បីដំណើរការសាងសង់ផ្លូវមួយខ្សែនេះប្រព្រឹត្តទៅ បានរលូនតាមការគ្រោង ទុក ហើយផ្លូវមេមួយខ្សែនេះ ជាផ្លូវទេសចរណ៍មួយយ៉ាងសំខាន់សម្រាប់តំបន់កោះរ៉ុងសន្លឹមរបស់យើង ត្រូវរួមគ្នាចូលរួមសហការសាងសង់ឱ្យបានលឿន៕
ដោយ ងូ សុមុនី





