សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតការងារនៅក្នុងប្រទេសរបស់យើង គឺផ្អែកលើអភិក្រម បរិមាណ និងគុណភាព
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦--
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា គឺផ្អែកលើអភិក្រម បរិមាណ និងគុណភាព។ ការងារដែលមានគុណភាពមានសូចនាករមួយចំនួនគឺ ការងារសមរម្យ ដែលគោរពទៅតាមច្បាប់។

សម្ដេចធិបតី មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសានេះ ដោយ ជំរុញឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ត្រូវគោរពច្បាប់ និងសិទ្ធិរបស់កម្មករនិយោជិត។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា«យើងមិនចេះតែរកការងារដែលយកមកឱ្យមិនគោរពច្បាប់ មិនគោរពនូវសិទ្ធិរបស់កម្មករនិយោជិតទេ នេះគឺជាការប្ដេជ្ញាចិត្តរបស់របស់យើង មិនអាចបង្កើតនូវការងារណាដោយគ្រាន់តែបានប្រាក់ខែខ្ពស់ហើយក្លាយជាទាសករអត់ទេគឺត្រូវគោរពច្បាប់ អីចឹងបានយើងមានសិទ្ធិបង្កើតរហូតដល់សហជីពមូលដ្ឋាន រហូតដល់សហព័ន្ធសហជីពដើម្បីការពារសិទ្ធិ»។

សូមជម្រាបជូនថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់បងប្អូនកម្មករនិយោជិតនៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារឰឡើងជារៀងរាល់ឆ្នាំ។ ការជ្រើសរើសប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” សម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ពិតជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក៏ដូចជាការបង្កើនភាពធន់សម្រាប់ការងារសមរម្យនៅកម្ពុជា៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





