ក្រសួងបរិស្ថានបញ្ជាក់ជាថ្មីថា ការលក់ ទិញ កាប់ ឬដឹកជញ្ជូនដើមឈើចេញពីតំបន់ការពារធម្មជាតិគឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦--ក្រសួងបរិស្ថានបានរំលឹក និងបញ្ជាក់ជាថ្មីអំពី រាល់ការលក់ ទិញ កាប់ ឬដឹកជញ្ជូនដើមឈើចេញពីតំបន់ការពារធម្មជាតិ រួមមានដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ នោះគឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ជាធរមាន។ 
ជាមួយការរំលឹកបែបនេះ ក្រសួងបរិស្ថានក៏បានបង្ហាញអំពីការចាត់វិធានការច្បាប់តឹងរ៉ឹងក្នុងការចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ឈើក្នុងតំបន់ការពារធម្មជាតិ និងបានឃាត់ខ្លួន បុគ្គលចំនួន ៤នាក់ ដែលបានប្រព្រឹត្តបទល្មើសកាប់ឈើ ក្នុតំបន់ការពារធម្មជាតិ ហើយបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។ ការណ៍នេះបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីជំហរដាច់ខាតក្នុងការប្រឆាំងការកាប់ឈើខុសច្បាប់ ដោយអនុវត្តវិធានការច្បាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ 
ក្រសួងបរិស្ថានបានស្នើឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងការបំពានលើបទប្បញ្ញត្តិបរិស្ថាន ដែលអាចនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរ និងជាប់ពន្ធនាគារ។ 
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគោរពច្បាប់ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់នានា ក្នុងវិស័យបរិស្ថាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារព្រៃឈើ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជា៕

ដោយ មករា





