អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃក្រើនរម្លឹកដល់អត្តពលិកដែលទៅចូលរួមប្រកួតនៅប្រទេសចិនគោរពឱ្យបាននូវក្រមសីលធម៌ និងវិន័យ
AKP ភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦--អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់អត្តពលិកដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Beach Games នៅប្រទេសចិនឱ្យយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន និងគោរពឱ្យបាននូវក្រមសីលធម៌ វិន័យ ជាពិសេសត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិខ្មែរ ទាំងមុន និងអំឡុងពេលប្រកួត ដ្បិតកត្តាទាំងនេះគឺជាកាតព្វកិច្ចដែលអត្តពលិកត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពពេលចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ។

ក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃសមាគមកីឡាចំបាប់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មុនចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់អាស៊ីឆ្នេរខ្សាច់ លើកទី៦ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក យិតភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះគ្រូបង្វឹក កីឡាករ កីឡាការិនីចំបាប់របស់ក្រសួងមហាផ្ទៃទាំង ៧រូប ដែលបានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ដើម្បីចេញទៅចូលរួមក្នុងការប្រកួតដ៏មានសារសំខាន់មួយនេះ ដោយបានលើកទឹកចិត្តដល់គ្រូបង្វឹក ដែលជាអ្នកដឹកនាំកីឡាករ កីឡាការិនីទៅប្រកួតផ្ទាល់ ត្រូវតាមដាន និងយកចិត្តទុកឱ្យបានខ្លាំងក្លាក្នុងពេលប្រកួត ដើម្បីទទួលបានជម្នះជូនជាតិមាតុភូមិ។

សូមជម្រាបជូនផងដែរថា គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា និងជាអត្តពលិកក្រសួងមហាផ្ទៃ ដែលគ្រោងចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ Asian Beach Games នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះមានចំនួន ៧រូប៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





