អភិបាលខេត្តព្រះសីហនុជំរុញឱ្យពន្លឿនសេវាកកស្ទះនៅអង្គភាពច្រកចេញចូលតែមួយនៅតាមរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ
AKP ព្រះសីហនុ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារកកស្ទះនៅអង្គភាពចក្រចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខេត្តព្រះសីហនុ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។ 
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា យើងត្រូវរួមគ្នាពង្រឹងយន្តការការងារ ដើម្បីបំរើសេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញចូលតែមួយរបស់ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធជូនប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសអង្គភាពច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យបានលឿន ឆាប់ និងមានប្រសិទ្ធភាព តម្លាភាព។

កញ្ញា ឈូ ប៉ាវទាង ប្រធានអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីសេវាកកស្ទះនៅតាមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពរួមមាន៖ ១-រដ្ឋបាលក្រុងព្រះសីហនុមានចំនួន ១៥៨។ ២-រដ្ឋបាលក្រុងកំពង់សោមមានចំនួន៩៩ បូកនឹងការផ្ទេរពីរដ្ឋបាលស្រុកព្រៃនប់ចំនួន២៩៥។ ៣-ក្រុងកោះរ៉ុងមានចំនួន៤។៤-រដ្ឋបាលស្រុកព្រៃនប់មានចំនួន៩៦។៥-រដ្ឋបាលស្រុកស្ទឹង ហាវមានចំនួន៧៧ និង ៦-រដ្ឋបាលស្រុកកំពង់សិលាមានចំនួន២៤ ។

ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវខិតខំជំរុញការងារឱ្យបានលឿន និងឆាប់រហ័ស ដើម្បីឆ្លើយតបដោះស្រាយការកកស្ទះក្នុងប្រព័ន្ធ យើងត្រូវខិតខំបំពេញការងារនៅក្នុងក្របខ័ណ្ខរដ្ឋបាលខេត្ត ដើម្បីបញ្ចប់ការងារនៅតាមក្រុង ស្រុក និងការបិទបញ្ចប់ទាំងនៅរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសត្រូវសម្អាតសេវាក្នុងប្រព័ន្ធកុំឱ្យមានការកកស្ទះ យើងជាមន្ត្រីមិនត្រូវរកហេតុផលមានដូចជា៖ ១.មិនត្រូវអត់ធ្វើការ ,២.មិនត្រូវរកផលលាភ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តបានទុកពេលវេលាមួយខែ ដើម្បីឱ្យក្រុមការងារក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធខិតខំបំពេញការងារឃ្លារឯកសារដែលជាប់នៅក្នុងប្រព័ន្ធឱ្យបានរួចរាល់នៅពេលខាងមុខនេះ ។យើងត្រូវប្រើប្រាស់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ ដែលពួកគាត់បានដាក់ពាក្យស្នើសុំនៅតាមអង្គភាពច្រកចេញចូលតែមួយ ដូច្នេះមន្ទីរសុរិយោដី ក៏ដូចជាសាខាពន្ធដារ និងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវខិតខំឃ្លាសេវាកកស្ទះនេះឱ្យបានលឿន ឆាប់ ដើម្បីធានាថា រាល់ឯកសារដែលបានដាក់មកកាន់អង្គភាពច្រកចេញចូលតែមួយក្រុង ស្រុកត្រូវធ្វើការដោះស្រាយឱ្យបានលឿន និងមានតម្លាភាព ៕
ដោយ ងូ សុមុនី





