សភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ IPU ថ្មី
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦--គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា អមដំណើរដោយ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៧ នៃសហភាពអន្តរសភា (IPU)។

ក្នុងឱកាសនោះ គណៈប្រតិភូសភាកម្ពុជា ក៏បានចូលរួមបោះឆ្នោតជ្រើសរើសអគ្គលេខាធិការសហភាពអន្តរសភាថ្មី ដើម្បីជំនួស ឯកឧត្តម ម៉ាទីន ចុងហ្គុង (Martin Chungong) ដែលបានផុតអាណត្តិ។

ជាលទ្ធផល លោកស្រី Anda Filip បេក្ខភាពមកពីប្រទេសរ៉ូម៉ានី ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការ IPU ក្នុងអាណត្តិថ្មី។

លោកស្រី គឺជាឥស្សរជនការទូតដ៏លេចធ្លោមួយរូប ដោយធ្លាប់ជាអតីតឯកអគ្គរដ្ឋទូតរ៉ូម៉ានី ប្រចាំនៅអង្គការ សហប្រជាជាតិ និងបានបម្រើការងារនៅក្នុងស្ថាប័ន IPU ចាប់តាំងពីឆ្នាំ២០១១មក។

នៅរសៀលថ្ងៃដដែល គណៈប្រតិភូសភាកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសភាប្រទេសហុងគ្រី។ កិច្ចពិភាក្សានេះ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។

តាមរយៈជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការងារសភា និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអន្តរជាតិ ដែលជាសញ្ញាបង្ហាញពីការពង្រីកឥទ្ធិពលការទូតសភារបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





