រដ្ឋបាលខេត្តកំពង់ធំសូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
AKP កំពង់ធំ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦--
រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សារនោះមានអត្ថន័យដូចតទៅ៖ ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តកំពង់ធំ សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះមហាវីរក្សត្រ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ប្រោសព្រំព្រះរាជ សព្វសាធុការពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ទទួលបានជោគជ័យ ក្នុងការវះកាត់ព្យាបាលព្រះរោគ ថ្វាយដោយ ក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយ វាចា និងចិត្ត ក្រាបបង្គំទូលថ្វាយព្រះរាជសព្វសាធុការពរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គឆាប់បានសះស្បើយពីព្រះរោគ និងមានព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ និងសុខដុម ក្សេមក្សាន្ត សម្រាប់ប្រជារាស្ត្រខ្មែរជាដរាបតទៅ។
សូមព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕

ដោយ ស៊ុម វណ្ណា





