គ្រួសារក្រសួងអប់រំសម្តែងក្តីបារម្ភពីព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ព្រះករុណាជាអម្ចាស់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦--
ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី និស្សិត និងសិស្សានុសិស្សទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវក្តីបារម្ភ ក្រោយពីទទួលព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលតម្រូវឱ្យព្រះអង្គទទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី និស្សិត និងសិស្សានុសិស្សទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា សូមព្រះបរមរាជានុញ្ញាតឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងបុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីនៃព្រះបរមរតនកោដ្ឋ ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា អភិបាលគ្រងរក្សា និងប្រសិទ្ធពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទទួលការព្យាបាលព្រះរោគ ដោយវះកាត់បានដោយជោគជ័យ និងជាសះស្បើយ១០០% ព្រមទាំងទទួលបាននូវព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួនដូចដើមវិញ ដើម្បីព្រះអង្គបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





