ឧត្ដមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើមាត់ព្រែកតាប៉ាកុំចូលនេសាទត្រីក្នុងដែនអភិរក្សដេីម្បីរក្សាពូជត្រីសម្រាប់ពងកូនក្នុងរដូវវស្សាខាងមុខ
AKP កំពង់ធំ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ --
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានសំណូមពរដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើមាត់ព្រែកតាប៉ាកុំចូលនេសាទត្រីក្នុងដែនអភិរក្សដើម្បីរក្សាពូជត្រីសម្រាប់ពងកូនក្នុងរដូវវស្សាខាងមុខ។ ឧត្តមសេនីយ៍ទោសោម ស៊ុន បានណែនាំដូចនេះក្នុងឱកាសដែលលោករួមជាមួយកងកម្លាំងទីបញ្ជាការស្រាល ប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំផាត់សណ្ដាយ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រកបមុខរបរដាំបន្លែបង្ការផ្សេងៗនៅមាត់ព្រែកតាប៉ា ដែលជាព្រែកអភិរក្សពូជត្រី ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយច្បាប់ ស្ដីពីជលផលថ្មី និងចំណុចសំខាន់ៗមួយចំនួន ដែលត្រូវជៀសវាងដាច់ខាតក្នុងការចូលនេសាទត្រីក្នុងដែនអភិរក្សពូជត្រីដែលជាអំពើល្មើសច្បាប់នាំមានទុក្ខទោសដល់ខ្លួន ហើយជាមួយគ្នានោះដែរ យើងត្រូវរួមគ្នាថែរក្សាពូជត្រីក្នុងដែនអភិរក្ស ដេីម្បីទុកឱ្យត្រីពងកូននៅក្នុងរដូវវស្សាខាងមុខនេះឱ្យធនធានមច្ឆជាតិរបស់យើងបានសំបូរឡើងវិញដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយផ្ទាល់ផង និងសម្រាប់បម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផង។

ប្រជាពលរដ្ឋដែលកំពុងរស់នៅលើមាត់ព្រែកអភិរក្សពូជត្រីព្រែកតាប៉ា ឃុំផាត់សណ្ដាយមានចំនួន ៨គ្រួសារដែលមានមនុស្សក្មេងចាស់ប្រុសស្រីប្រមាណពី ៥០ទៅ ៦០នាក់។ ប្រជាពលរដ្ឋបានបញ្ជាក់ថា បច្ចុប្បន្ននេះ ផលត្រីនៅក្នុងដែនអភិរក្សពូជត្រីនៅព្រែកតាប៉ា និងព្រែកនានាមួយចំនួនទៀតសំបូរជាងបណ្ដាឆ្នាំកន្លងទៅច្រើនណាស់។ ពេលយប់ឡើង ឮសម្លេង និងឃើញត្រីលោតពេញពីផ្ទៃទឹកដងព្រែកគួរឱ្យមោទនភាព និងបានកោតសរសើរដល់កងទ័ពដែលបានការពារទប់ស្កាត់បទល្មើសនេសាទខុសច្បាប់បានល្អប្រសើរដែលបានធ្វើឱ្យត្រីសំបូរឡើងវិញ៕

ដោយ៖ ស៊ុម វណ្ណា





