អនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨គ្រួសារ នៅក្នុងស្រុកត្រាំកក់
AKP តាកែវ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ដើម្បីជួយសម្រួលដល់ការលំបាក និងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨គ្រួសារ ដែលស្ថិតនៅក្នុងភូមិណងស្រាយ ភូមិត្រពាំងកប្បាស និងភូមិតាគាំ ស្រុកត្រាំកក់ ខេត្តតាកែវ។លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ រួមនឹងមន្ត្រីអនុសាខា និងអាជ្ញាធរមូលដ្ឋានឃុំ-ភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់។ពិធីនេះរៀបចំឡើងនៅភូមិណងស្រាយឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍១៤ រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនាអ្វីឡើយ ដូចពាក្យស្លោក"ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។

លោកអភិបាលស្រុកត្រាំកក់ បានមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការអាណិតអាសូរជាពន់ពេក ចំពោះបងប្អូនដែលបានបាត់បង់ និងខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុ ជាពិសេសបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវកាលដើមឆ្នាំនេះ។

លោក កេត ម៉ៅ បានមានប្រសាសន៍បន្ថែមថា សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅក្បែរ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលបងប្អូនជួបគ្រោះមហន្តរាយផ្សេងៗ។

តាមរបាយការណ៍របស់លោកមេឃុំតាភេមបានឱ្យដឹងថា កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦កន្លងទៅ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបោកបក់ មកចំផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៨ខ្នង ស្ថិតនៅក្នុងភូមិណងស្រាយ ភូមិត្រពាំងកប្បាស និងភូមិតាគាំ ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឱ្យខូចខាតផ្ទះសម្បែងយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យផ្ទះខ្លះរលំ ផ្ទះខ្លះរបើកដំបូល និងមានផ្ទះខ្លះទៀតបាក់សសរជាដើម។
អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកផ្លែឈើ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកសុទ្ធ២យួរ និងថវិកា៥ម៉ឺនរៀល៕
ដោយ អ៊ុច សៀង





