គណៈប្រតិភូកម្ពុជាចូលរួមវេទិកាយុវជនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តចូលរួមថ្ងៃទី២ នៃវេទិកាយុវជនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ "Innovate, Unite and Transform: Youth Shaping the Road to 2030" ដោយផ្តោតលើប្រធានបទ៖ ១.អនាគតនៃពហុភាគីនិយម៖ កិច្ចពិភាក្សាសាកលស្តីពីផ្លូវឆ្ពោះទៅរកក្របខណ្ឌក្រោយឆ្នាំ២០៣០ ២.ទស្សនៈយុវជនចំពោះការអភិវឌ្ឍតំបន់ បញ្ហាប្រឈម អាទិភាព និងសកម្ម ភាពសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង៣.ភាពជាអ្នកដឹកនាំយុវជន៖ កម្លាំងដ៏ចាំបាច់ក្នុងការបង្កើតអនាគតប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។

នាឱកាសនោះ ក្នុងនាមគណៈប្រតិភូកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបទអន្តរាគមន៍ឆ្លើយតបនឹងប្រធានបទស្តីពីភាពជាអ្នកដឹកនាំយុវជន ដែលជាកម្លាំងដ៏ចាំបាច់ក្នុងការបង្កើតអនាគតប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នា ដោយបានគូសបញ្ជាក់ថា នៅកម្ពុជាយុវជនគឺជាកម្លាំងជំរុញនៃការផ្លាស់ប្តូរ ខណៈដែលប្រជាជនកម្ពុជាជាង ៦០% មានអាយុក្រោម ៣៥ឆ្នាំ។ ដូច្នេះ ការពង្រឹងសមត្ថភាពយុវជនគឺស្ថិតនៅចំណុចកណ្ដាលនៃរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តម សេរី ជំនះ បានលើកឡើងថា ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញ ចំណេះដឹង និងឱកាស ដើម្បីប្រែក្លាយខ្លួនជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវ ហើយថា ភាពជាអ្នកដឹកនាំរបស់យុវជនពិតជាមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃសាកលលោកបច្ចុប្បន្ន។

ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តកម្មវិធីអភិវឌ្ឍយុវជនជាច្រើន រួមមាន៖ កម្មវិធីមនសិការពលរដ្ឋល្អ ជជែកដេញដោលយុវជន ស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ យុវជន២១ ប្រកួតប្រជែងស្ទែម កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ការអប់រំឌីជីថល និងការអប់រំហិរញ្ញវត្ថុជាដើម។ គំនិតផ្តួចផ្តើមទាំងនេះបានជួយយុវជនរាប់ពាន់នាក់នៅទូទាំងប្រទេសក្នុងការពង្រឹងសមត្ថភាព បំណិន ឱកាសការងារ និងការចូលរួមក្នុងការងារសង្គម។ លើសពីនេះក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា និងកងល្បាតកាយរឹទ្ធិនៅតាមសាលារៀនបានផ្តល់ឱកាសយ៉ាងពិតប្រាកដដល់យុវជន និងកុមារក្នុងការរៀនសូត្រ ដឹកនាំ ស្ម័គ្រចិត្ត ធ្វើជាតំណាង និងចូលរួមធ្វើការសម្រេចចិត្តក្នុងក្របខណ្ឌសាលារៀន និងសហគមន៍របស់ពួកគេ។ ការលើកកម្ពស់ការអប់រំពហុភាសា ការអប់រំបរិយាបន្ន និងការអប់រំពិសេសចំពោះកុមារជនជាតិដើមភាគតិច និងកុមារមានពិការភាព ត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់ពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាបញ្ហាប្រឈមនៅតែមាន ជាពិសេសគម្លាតរវាងយុវជននៅតំបន់ជនបទដាច់ស្រយាល និងទីប្រជុំជនចំពោះការទទួលបានការអប់រំប្រកបដោយគុណភាព និងសេដ្ឋកិច្ចឌីជីថល តែកម្ពុជាបានប្តេជ្ញាបន្តផ្តល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន ពង្រឹងពង្រីកការអភិវឌ្ឍជំនាញ និងចំណេះដឹងឌីជីថល និងបង្កើតឱកាសបន្ថែមសម្រាប់យុវជន ដើម្បីដោះសោរសក្តានុពលរបស់ខ្លួន។ ការវិនិយោគលើយុវជន គឺជាការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់សម្រាប់ទាំងអស់គ្នា៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





