"សង្ក្រាន្តតាំងគោក"បានរំលេចនូវការលើកស្ទួយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ
AKP កំពង់ធំ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ដើម្បីចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលស្រុកតាំងគោកបានរៀបចំ"សង្ក្រាន្តតាំងគោក"នៅវត្តគុហនគរ ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ អមដោយការប្រគំវង់ភ្លេងប្រពៃណីខ្មែរយ៉ាងអធិកអធមដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបានមានប្រសាសន៍លើកឡើងកាលពីថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថាដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវឱ្យចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនិងដោយទទួលបានចេញសេចក្ដីណែនាំយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រដ្ឋបាលស្រុកតាំងគោក ក៏បានរៀបចំសង្ក្រាន្តឆ្នាំថ្មីថ្នាក់ស្រុក ហៅថា«សង្ក្រាន្តតាំងគោក» នៅវត្តគុហនគរស្ថិតនៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំស្របទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ យុវជនយ៉ាងច្រើនកុះករ។

លោកអភិបាលស្រុកបានបញ្ជាក់ថា នៅក្នុងកម្មវិធីសង្ក្រាន្តតាំងគោកនេះ ក៏មានប្រារព្ធកិច្ចពិធីសាសនាការសម្ដែងរបាំប្រពៃណី ការលេងល្បែងប្រជាប្រិយខ្មែរចម្រុះសម្បូរបែប ពិសេសគឺអមដោយការប្រគំវង់ភ្លេងប្រពៃណីខ្មែរផងដែរ។

លោកអភិបាលស្រុកបានបន្តថា ការរៀបចំសង្រ្កាន្តឆ្នាំថ្មីនេះដែរ គឺដើម្បីអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។ ម្យ៉ាងទៀតក៏ដើម្បីបណ្ដុះស្មារតីឱ្យយុវជនជំនាន់ក្រោយបានឃើញពីភាពសម្បូរបែបនៃវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដូនតា និងចូលរួមបន្តអភិរក្សនូវមត៌កដ៏ប្រពៃថ្លៃថ្លាទាំងនេះបន្តទៀត។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថាក្រៅពីសង្ក្រាន្តតាំងគោក រដ្ឋបាលស្រុកតាំងគោកក៏បានរៀបចំតុបតែងលម្អនៅតាមផ្លូវសាធារណៈ នៅតាមសួនសាធារណៈ ទីវត្តអារាម ភូមិដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី។លើសពីនេះ គណៈបញ្ជាការឯកភាពស្រុកតាំងគោកក៏បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចនៅប្រចាំការការពារសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជួយសម្រួលចរាចរណ៍ជូនអ្នកដំណើរនៅតាមគោលដៅជាច្រើន ពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦ រីឯមន្ត្រីសុខាភិបាល និងភ្នាក់ងារជំនួយការចម្រុះក៏នៅប្រចាំការត្រៀមជួយសង្គ្រោះផងដែរ។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ជាការពិតណាស់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ គឺស្ថិតក្នុងបរិបទដែលព្រំដែនប្រទេសកម្ពុជារងនូវការរំលោភឈ្លានពានពីយោធាថៃ វិបត្តិសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្លាំង ជីវភាពប្រជាពលរដ្ឋមួយចំនួនក៏ជួបការលំបាក តែទោះបីយ៉ាងនេះក្ដី យើងនៅតែបន្តលើកទឹកចិត្តឱ្យមានការរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលជាប្រពៃណីទំនៀមទម្លាប់ដូនតារបស់យើង សមដូចពាក្យចាស់ពោលថា"វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន"។ក្នុងន័យនេះ"ដៃម្ខាងយើងទប់ទល់នឹងការឈ្លានពាន ទប់ទល់នឹងវិបត្តិសកល ដៃម្ខាងទៀតយើងនៅតែអភិរក្សថែរក្សាវប្បធម៌ប្រពៃណីរបស់ដូនតា"៕
ដោយ ស៊ុម វណ្ណា





