ស្តេចអុក២សម័យកាល សុខ លីមហេង និងជ័យលាភីស្តេចអុកឆ្នាំចាស់ៗ ឡើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍នគរសង្ក្រាន្ត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ស្តេចអុក២សម័យកាល សុខ លីមហេង ដែលជាកីឡាករវ័យក្មេងដ៏លេចធ្លោ ដែលធ្លាប់គ្រងម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ៦សម័យកាលផងនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួន នៅក្នុងការប្រកួតស្តេចអុកព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវប៉ះជាមួយកីឡាករ ស៊ីវ ស៊ីន ខណៈកីឡាករ ឈាវ បូរ៉ា ជ័យលាភីស្តេចអុក២សម័យកាលដែរត្រូវប៉ះជាមួយស្តេចអុកឆ្នាំ២០២៥ កីឡាក ជា ស៊ីដេត។

នេះជាកម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុវិលជុំក្នុងពូល-ក និងពូល-ខ (ផ្នែកមហាជន) ដោយគណៈកម្មការបច្ចេកទេសបានរកឃើញបេក្ខភាពឆ្នើមៗ៤នាក់ ដែលជាជ័យលាភីស្តេចអុកឆ្នាំចាស់ៗ ឡើងមកប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១៧ ខែមេសានេះ គឺកីឡាករ សុខ លីមហេង ជ័យលាភីស្តេចអុក ២សម័យកាល ឆ្នាំ២០១៨-២០២៣ ត្រូវប្រកួតជាមួយ កីឡាករ ស៊ីវ ស៊ីន ជ័យលាភីលេខ៤ ស្តេចអុក ឆ្នាំ២០១៨ ខណៈកីឡាករ ឈាវ បូរ៉ា ជ័យលាភីស្តេចអុក ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ត្រូវប្រកួតជាមួយ កីឡាករ ជា ស៊ីដេត ជ័យលាភីស្តេចអុក ឆ្នាំ២០២៥។

លោក ហូយ សូណា អគ្គលេខាធិការរង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបញ្ជាក់ថា ឆ្លងការប្រកួតយ៉ាងស្វិតស្វាញ និងជក់ចិត្តបំផុតនៃការប្រកួតជម្រុះក្នុងពូល ទាំងពីរ ដែលមានបេក្ខភាព៨នាក់ចុងក្រោយ រយៈពេល៣ថ្ងៃមកនេះ គណៈកម្មការបានរកឃើញកីឡាករអុកចត្រង្គខ្លាំងៗ៤នាក់ ដែលចំណាត់ថ្នាក់លេខ១ និងលេខ២នៃពូលទាំងពីរឡើងមកប្រកួតខ្វែងគ្នា សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមេសានេះ។ ចំពោះកីឡាករដែលប្រកួតចាញ់២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នារសៀលថ្ងៃទី១៩ខែមេសា ស្អែកនេះ ខណៈកីឡាករឈ្នះៗ២នាក់នឹងត្រូវឡើងទៅប្រកួតដណ្តើមតំណែង «ស្តេចអុក » នៅវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង ២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដោយឡែកសម្រាប់ការប្រកួតផ្នែកកុមារ «ជើងឯកកុមារ» នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង ៤រសៀល ថ្ងៃទី១៨ ខែមេសា ស្អែកនេះ។ ការប្រកួតកីឡាអុកចត្រង្គធ្វើឡើងនៅទីតាំងផ្សាររាត្រី តំបន់វប្បធម៌ រាជធានីភ្នំពេញ។ អ្វីដែលពិសេស និងជាទឹកចិត្តរួមចំណែករបស់កីឡាករអុកចត្រង្គ គឺពួកគាត់នឹងបរិច្ចាគប្រាក់រង្វាន់ជ័យលាភី ៥០% សម្រាប់មូលនិធិកងទ័ពជួរមុខ។ រីឯផ្នែកកុមារក៏បានប្រកាសពីការចូលរួមបរិច្ចាគប្រាក់រង្វាន់ជ័យលាភីមួយផ្នែក ជួយដល់កងទ័ពជួរមុខផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គ ជើងឯកកុមារ និងមហាជននេះនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាណព្រលឹងវប្បធម៌ជាតិខ្មែរមួយនេះឱ្យបន្តរស់នៅជាមួយប្រជាជនជានិច្ចនិរន្ត៕


ដោយ ហេង ណាលីន





