ឯកឧត្តម គួច ចំរើន៖ កងអង្គរក្ស គឺជាកម្លាំងស្នូលដ៏មានសារៈសំខាន់ក្នុងការធានានូវសន្តិភាព និងស្ថិរភាព ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល
AKP កណ្តាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការពារថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិបានយ៉ាងល្អប្រសើរ។ កងអង្គរក្ស គឺជាកម្លាំងស្នូលដ៏មានសារៈសំខាន់ក្នុងការធានានូវសន្តិភាព និងស្ថិរភាព ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានកងអង្គរក្ស ដែលជានិច្ចកាលតែងតែសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ អគ្គីភ័យជាដើម នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្តកណ្តាលបានសំណូមពរដល់បញ្ជាការដ្ឋានអង្គរក្ស សូមបន្តកិច្ចសហការគ្នាជាមួយ រដ្ឋបាលខេត្ត ដើម្បីចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ ផ្សេងៗកើតឡើងបានទាន់ពេលវេលា។ ឯកឧត្តម ក៏បានឧបត្ថម្ភនូវ ទឹកសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ បញ្ជាការដ្ឋានអង្គរក្ស សម្រាប់ប្រើប្រាស់ និងដើម្បីជាការលើកទឹកចិត្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





