រដ្ឋបាលខេត្តតាកែវបើកព្រឹត្តិការណ៍ "តាកែវសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្សប្រវែង៨០ ម៉ែត្រ
AKP តាកែវ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- ក្នុងបរិយាកាសរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីដង្ហែរក្បួនព្យុហយាត្រា និងនាំយកព្រ័ត្រយក្សដែលមានប្រវែងដល់ទៅ៨០ម៉ែត្រ ដើម្បីប្រកាសបើកព្រឹត្តិការណ៍ "តាកែវសង្ក្រាន្ត" ជាផ្លូវការ។

ពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អ្វីដែលជាចំណុចទាក់ទាញខ្លាំងនៅក្នុងក្បួនដង្ហែនេះ គឺវត្តមានរបស់ព្រ័ត្រដ៏វែងអន្លាយរហូតដល់ ៨០ ម៉ែត្រ ដែលត្រូវបានដង្ហែដោយមន្ត្រី និងយុវជនដែលស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។ ក្បួនដង្ហែបានចាប់ផ្តើមចេញដំណើរពីវិមានឯករាជ្យខេត្ត ឆ្ពោះទៅកាន់សួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងប្រារព្ធពិធី និងជាកន្លែងសម្រាប់លេងល្បែងប្រជាប្រិយទាញព្រ័ត្ររួមគ្នា។
ការរៀបចំឱ្យមានក្បួនដង្ហែព្រ័ត្រនេះ គឺក្នុងគោលបំណងរក្សា និងបង្ហាញពីតម្លៃនៃល្បែងប្រជាប្រិយខ្មែរ ដែលជាមរតកអរូបីនៃដូនតា បង្កើតបរិយាកាសសាមគ្គីភាព និងភាពរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តតាកែវ និងបង្ហាញពីសក្តានុពល និងភាពរស់រវើកនៃខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សូមបញ្ជាក់ថា ល្បែងទាញព្រ័ត្រ គឺជាល្បែងប្រពៃណីដ៏មានប្រជាប្រិយភាពបំផុតសម្រាប់យុវជនខ្មែរទាំងបុរសនិងស្រ្តី ដែលនិយមលេងក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ដើម្បីបញ្ចេញកម្លាំងសាមគ្គី និងបង្កើនភាពស្និទ្ធស្នាល។
ព្រឹត្តិការណ៍ "តាកែវសង្ក្រាន្ត" នៅមាត់បឹងតាកែវនាឆ្នាំនេះ រំពឹងថានឹងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យមកចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយ រាំលេងកម្សាន្ត និងទស្សនាការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនានាផងដែរ៕
ដោយ AKP





