រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រណាំងរទេះគោសាឡី ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP តាកែវ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--ដើម្បីអបអរសាទរព្រឹត្តិការណ៍"តាកែវសង្ក្រាន្តឆ្នាំ២០២៦" រដ្ឋបាលខេត្តតាកែវបានរៀបចំពិធីប្រណាំងរទេះសាឡី។ពិធីនេះរៀបចំឡើងនៅអតីតសាលានយោបាយ ស្ថិតនៅក្នុងភូមិ៣ សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ៥រោច ខែចេត្រ ឆ្នាំម្សាញ់សប្ដស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។អញ្ជើញចូលរួមជាអធិបតីក្នុងពិធីនោះ ដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា ការរៀបចំពិធីប្រណាំងរទេះសាឡីនេះឡើង ក្នុងគោលបំណងរក្សាទំនៀមទំលាប់ប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យបងប្អូនប្រជាពលរដ្ឋបានដឹងបានស្គាល់។ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យចេះថែរក្សាការពារវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងពីបុរាណមក ដូចពាក្យស្លោកមួយបានលើកឡើងថា "វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន"។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ការរៀបចំប្រណាំងរទេះសាឡីនេះឡើង គឺដើម្បីបង្កការសប្បាយរីករាយ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់។ក្រៅពីការប្រណាំងរទេះសាឡីនេះ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ យើងនឹងរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងរបាំប្រពៃណីជាតិ និងនាំមកជូននូវទស្សនីយភាពប្លែកៗជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្ដ។ហើយដាក់តាំងផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ ម្ហូបអាហារខ្មែរពិសេសៗគឺមុខម្ហូបប្រចាំតំបន់ផ្សេងៗគ្នា។ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលមកលេងកម្សាន្តសប្បាយខេត្តតាកែវ បានភ្លក់និងបរិភោគមានឱជារសឆ្ងាញ់ពិសារ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ ដែលបានមកទស្សនានិងលើកទឹកចិត្ត ដល់កីឡាករបររទេះគោទាំងអស់។ហើយការប្រណាំងរទេះសាឡីនេះ បង្កឱ្យបរិយាកាសមានភាពអធិកអធម និងសប្បាយរីករាយជាខ្លាំង ក្រោមម្លប់នៃសុខសន្តិភាព៕

ដោយ អ៊ុច សៀង





