បញ្ជាការដា្ឋនកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិកពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦–ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនិងក្រុមការងារ កងទ័ពជើងគោក បានទទួលជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងក្រុមការងារ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ។

ជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (Army Staff Talks) និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំ។


ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំផែនការបឋមលំហាត់សមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាមេរិក និងចុះហត្ថលេខាលើកំណត់ហេតុប្រជុំ នៅបញ្ជាការដ្ឋានការកងទ័ពជើងគោក ៕

ដោយ៖ សំ សាម៉ន , ប្រភព៖ បញ្ជាការដ្ឋានកងទ័ពជើងគោក





