វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង១ម៉ឺនបណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋ ១២ភូមិ ក្នុងស្រុកកៀនស្វាយ!
AKP កណ្តាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួន ១២ ៤២៥បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ១២ភូមិ រួមមាន៖ ភូមិរទាំង ភូមិរទាំងត្បូង ស្ថិតក្នុងឃុំភូមិធំ ភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ ភូមិសំរោងក្អែរ៣ ស្ថិតក្នុងឃុំសំរោងធំ និងភូមិព្រែកដូង ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានសម្តែងនូវការកោតសរសើរដល់មន្ត្រីភូមិបាល អាជ្ញាធរស្រុក ភូមិ-ឃុំទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការវាស់វែង ចុះបញ្ជី និងបិទផ្សព្វផ្សាយ តាំងពីពេលចាប់ផ្តើមរហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ឱ្យបន្តខិតខំពន្លឿនការចែកបណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបន្ថែមទៀត ហើយនៅពេលដែលផលិតបណ្ណរួច សូមធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយរាល់ការចែកបណ្ណត្រូវប្រមូលផ្តុំនៅច្រកចេញចូលតែមួយរបស់ស្រុក ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ខមកទទួលយកបណ្ណរបស់ពួកគាត់។

ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយ សូមគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ធ្វើឱ្យដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ចៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ចំពោះបញ្ហាគ្រឿងញៀន សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនសូមប្រើប្រាស់កម្មវិធី App Nodrug ដើម្បីរាយការណ៍អំពីសកម្មភាពបទល្មើសគ្រឿងញៀនមកកាន់សមត្ថកិច្ច ដើម្បីបង្ក្រាបឱ្យបានទាន់ពេលវេលាដោយរក្សាការសម្ងាត់ជូន។ ដោយឡែកចំពោះបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងស្រុកកៀនស្វាយ ឯកឧត្តមអភិបាលខេត្តបានស្នើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលើចិញ្ចើមផ្លូវ សូមបញ្ឈប់ការតយ៉ាប ការសង់រោង ការលក់ដូរលើចិញ្ចើមផ្លូវ មុនពេលអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើនាពេលខាងមុខ ការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនេះ គឺមានសារៈសំខាន់ណាស់ ក្រុមការងារជួយសម្រួលការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងលើសោភ័ណ្ឌភាពតាមដងផ្លូវ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





