ឯកឧត្តម អៀង មូលី៖ កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ កាលពីឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកឡើងថា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ កាលពីឆ្នាំ២០២៤ ព្រមទាំងបានរៀបចំរបាយការណ៍ស្តីពីគោលនយោបាយនេះក្នុងឆ្នាំ២០២៥កន្លងទៅ។

នាជំនួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានសង្កត់ធ្ងន់លើភាពជាដៃគូជាមួយអង្គការយូអិនអេដស៍ ដែលក្នុងនោះកម្ពុជាត្រូវការនូវភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ កាលពីឆ្នាំ២០២៤កន្លងទៅ។

ក្នុងជំនួបនេះលោកស្រី Vladankar Endreeva បានថ្លែងការកោតសរសើរចំពោះកម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដោយកម្ពុជាជាប្រទេសឈានមុខមួយប្រកបដោយការច្នៃប្រឌិត និងធ្វើឱ្យមានវឌ្ឍនភាពលើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។ លោកស្រីក៏បានអបអរសាទរផងដែរចំពោះការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងសមាជិកភាពរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសម្របសម្រួលអង្គការយូអិនអេដស៍ (PCB)។

បើតាមឯកឧត្តម អៀង មូលី ដើម្បីអបអរសាទរសមិទ្ធផលថ្មីៗដែលកម្ពុជាសម្រេចបាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នឹងរៀបចំដំណើរទស្សនកិច្ចរបស់លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិច នៃអង្គការយូអិនអេដស៍មកកម្ពុជា នាអំឡុងខែមិថុនា ឆ្នាំ២០២៦នេះ ព្រមទាំងបានលើកឡើងថា ដោយសារការជឿជាក់លើប្រព័ន្ធដឹកនាំ កម្ពុជាបានចូលរួមថវិកាប្រមាណ ១០០.០០០ដុល្លារអាម៉េរិកជាមួយអង្គការយូអិនអេដស៍កាលពីឆ្នាំ២០២៥ កន្លងទៅ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍)





