អភិបាលខេត្តកំពង់ចាម៖ ការធ្វើបរិវត្តកម្មឌីជីថលបានផ្តល់ផលប្រយោជន៍ជាច្រើនដល់បុគ្គលិកផ្តល់សេវា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- អភិបាលខេត្តកំពង់ចាមបានគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ផលប្រយោជន៍ជាច្រើនដល់បុគ្គលិកផ្តល់សេវា និងរដ្ឋបាលខេត្តទាំងមូលថែមទៀតផង។

ក្នុងការផ្តល់បទសម្ភាសន៍ដល់ក្រុមការងារក្រសួងមហាផ្ទៃស្តីពីផលប្រយោជន៍នៃការដាក់ឱ្យអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ការអនុវត្តតាមប្រព័ន្ធខាងលើនេះបានជួយឱ្យរដ្ឋបាលខេត្តអាចតាមដានរាល់ស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ហើយមន្ត្រីម្នាក់ៗមានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ក្នុងប្រព័ន្ធដែលជួយកាត់បន្ថយការយឺតយ៉ាវ និងជំរុញឱ្យការផ្តល់សេវាប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រព័ន្ធអនឡាញបានជួយឱ្យមន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយកាត់បន្ថយការងាររដ្ឋបាលដែលស្មុគស្មាញដោយដៃ ការកត់ត្រាក្នុងសៀវភៅបញ្ជីត្រូវបានជំនួសដោយប្រព័ន្ធឌីជីថល ដែលជួយឱ្យការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសារមានភាពរហ័ស និងត្រឹមត្រូវខ្ពស់ បញ្ចៀសបាននូវកំហុសអចេតនានានា។
ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយ ដើម្បីប្រែក្លាយរដ្ឋបាលខេត្តទៅជារដ្ឋបាលឌីជីថលដ៏មានសក្តានុពល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





