រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យលើសំណើរឯកសារដេញថ្លៃគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ហង្ស វុទ្ធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញដឹកនាំកិច្ចប្រជុំ និងពិនិត្យលើសំណើរឯកសារដេញថ្លៃគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំអនុវត្តគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ Sihanoukville Smart Parkingនេះថា ក្រោមក្របខណ្ឌគម្រោងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន PPP ចំណតឆ្លាតវៃមុខផ្សារលើ ដែលមានក្បាលដីទំហំ ៣.៥៧៤ម៉ែត្រ ការ៉េ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលជាកម្មសិទ្ធរបស់មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តព្រះសីហនុ។ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានចុះហត្ថលេខាសេវាទីប្រឹក្សា ប្រតិបត្តិការជាមួយក្រុមហ៊ុនទីប្រឹក្សា CRISIL Limited របស់ឥណ្ឌាបំពេញការងារពីរដំណាក់កាលក្នុងនោះ៖ ១.ការសិក្សា សមិទ្ធិលទ្ធភាពពេញលេញ Full Feasibility Study, ២.ការរៀបចំកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនដែលទទួលបានលទ្ធផលការងារសំខាន់។

គម្រោងចំណតឆ្លាតវៃត្រូវការទុនវិនិយោគ ១២លានដុល្លាអាមេរិក ដោយរៀបចំអភិវឌ្ឍជាអគារចំណតពហុមុខងារកម្ពស់ ១២ជាន់ ក្នុងនោះចំណតឆ្លាតវៃមានកម្ពស់៦ជាន់ មានសមត្ថភាពផ្ទុកយានយន្តប្រមាណជា២៥០គ្រឿង ម៉ូតូ៧៥០គ្រឿង ម៉ូតូកង់បីប្រមាណ ៣០គ្រឿង និងអគារសម្រាប់ពាណិជ្ជកម្មចំនួន ៦ជាន់ រួមបញ្ចូលនូវតូបអាជីវកម្ម ការិយាល័យ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីបង្កើនភាពទាក់ទាញដល់ការប្រើប្រាស់អគារចំណតឆ្លាតវៃ។

រាជរដ្ឋាភិបាលផ្តល់សិទិ្ធប្រើប្រាស់ដីទៅដល់ដៃគូឯកជនតាមរយ:កិច្ចសន្យា PPP មានរយៈពេល២៨ឆ្នាំ ក្នុងនោះ៣ឆ្នាំសម្រាប់ការសាងសង់ និង២៥ឆ្នាំ សម្រាប់ធ្វើប្រតិបត្តិការ និងថែទាំ ។ ចំណតឆ្លាតវៃអនុវត្តដោយដៃគូក្រុមហ៊ុនឯកជន បំពាក់ជំនាញបច្ចេកទេស បច្ចេកវិទ្យា និងប្រភពហិរញ្ញប្បទាន ដើម្បីដាក់ទុនវិនិយោគអភិវឌ្ឍគម្រោងជាមួយនឹងរាជរដ្ឋាភិបាល។ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គាំទ្រដោយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៍បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវសិក្សាអំពីតម្លៃសេវាបង់ចំណតឆ្លាតវៃឱ្យបានសមរម្យ ដើម្បីបំរើសេវាជូនសាធារណជនជន ប្រសិនបើតម្លៃមិនសមរម្យ សាធារណៈជនមិនយកយានយន្តរបស់គាត់ចូលចត ធ្វើឱ្យយើងខាតបង់ទាំងអស់គ្នា ព្រោះការអភិវឌ្ឍន៍តម្រូវឱ្យសមាមាត្រទៅនឹងទីផ្សារនាពេលបច្ចុប្បន្ន ។

លោក ហង្ស វុទ្ធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន មានប្រសាសន៍ ស្វាគមន៍ ស្តីពីវឌ្ឍនភាពនៃការរៀបចំគម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ ស្របតាមសំណើសុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុញ្ញាតឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំអនុវត្តគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ នេះឡើង Sihanoukville Smart Parking ក្រោមក្របខណ្ឌគម្រោងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន PPP នៅមុខផ្សារលើ ដែលមានក្បាលដីទំហំ ៣.៥៧៤ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ហើយចំណតឆ្លាតវៃនេះ ជួយកាត់បន្ថយការចតអនាធិបតេយ្យ ជាពិសេសជួយកាត់បន្ថយការកកស្ទះនៅផ្សារលើ និងបង្កើនសោភ័ណភាពអនាម័យក្រុងព្រះសីហនុថែមទៀតផង ដែលទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងរដ្ឋរួមគ្នា ដើម្បីប្រែក្លាយទីក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍ វិនិយោគ និងជាទីផ្សារហិរញ្ញវត្ថុ៕
ដោយ ងូ សុមុនី





