រដ្ឋបាលខេត្ត្តចេះ និង អង្គការ World Vision បើកវគ្គបណ្តុះបណ្តាល ស្តីពី«នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ»
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦--អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា World Vision បានសហការជាមួយ រដ្ឋបាលខេត្ត និង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីបង្គោលថ្នាក់ស្រុក ស្តីពី«នីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ» នៅខេត្តក្រចេះ ដោយមានសិក្ខាកាមចូលរួមចំនួន ៤៨ នាក់ ក្នុងនោះមានស្ត្រី ២៩ នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីជួយពង្រឹងសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន ពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការកំណត់អត្តសញ្ញាណកុមាររងគ្រោះ និងកុមារងាយរងគ្រោះដោយសារអំពើហិង្សា និងការរំលោភបំពាន ។ ពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងករណី និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឲ្យបានទាន់ពេលវេលា។ ធានាការបញ្ជូនជនរងគ្រោះជាកុមារទៅកាន់សេវាគាំពារ សុខភាព យុត្តិធម៌ប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរវាង រាជរដ្ឋាភិបាល និងអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា រួមគ្នាកសាងប្រព័ន្ធការពារកុមារឱ្យមានភាពរឹងមាំ និងឆ្លើយតបបានល្អប្រសើរ សម្រាប់កុមារគ្រប់រូបនៅកម្ពុជា ៕

ដោយ ណយ នឿន (ប្រភព៖World Vision)





