សម្ដេចតេជោ ហ៊ុន សែន៖ ខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្ត សីហនុ បាននាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុ ពីសំណាក់ពួកលន់ នល់ (១៨ មីនា ១៩៧០-១៨មីនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្ត សីហនុ ពីសំណាក់ពួក លន់ នល់ (១៨ មីនា ១៩៧០-១៨ មីនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ សម្ដេចតេជោបានបញ្ជាក់ថា គាប់ជួនម្សិលម៉ិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩ ដែលពេលនោះ ពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះ វ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។ សម្ដេចតេជោបញ្ជាក់ទៀតថា សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់ តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់ និងការស្តារ និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ សម្ដេចតេជោរម្លឹកផងដែរថា៖ «ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។ គេហៅខ្ញុំថាជាពូ និងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ»។
ជាមួយគ្នានេះដែរ សម្ដេចតេជោបានបន្ថែមថា ត្រឡប់រូបថតនេះវិញ អ្នកនិពន្ធបានសរសេរជាភាសារអង់គ្លេសថា The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979. រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេលនោះមានអាយុ ២៦ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលី នៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕
ដោយ៖ ជឹម ណារី





