យុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យរោងគោទទួលបានការបំប៉នសមត្ថភាព និងវិជ្ជាសង្គ្រោះបឋម
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦--ដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងផ្នែកមនុស្សធម៌ និងរបៀបសង្គ្រោះជីវិតបឋមដល់ស្រទាប់យុវជន កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបំប៉នសមត្ថភាពយ៉ាងសំខាន់មួយ ជូនដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន៤៨នាក់ (ស្រី ៣៧នាក់) នៅវិទ្យាល័យរោងគោ ស្ថិតក្នុងស្រុកមង្គលបូរី។

ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្តបន្ទាយមានជ័យ លោកស្រី មឿត លាបភា នាយិការងសាខា បានដឹកនាំក្រុមប្រតិបត្តិចុះផ្ទាល់ ដើម្បីផ្ទេរចំណេះដឹង និងបទពិសោធន៍សំខាន់ៗ សំដៅប្រែក្លាយយុវជនឱ្យទៅជា «កម្លាំងចលករ» ដ៏មានប្រសិទ្ធភាពក្នុងកិច្ចការងារសង្គម។

ក្នុងវគ្គបំប៉ននេះ គ្រូជំនាញបានសង្កត់ធ្ងន់លើការយល់ដឹងអំពីកាកបាទក្រហម ដែលជាបេះដូងនៃកិច្ចការមនុស្សធម៌សកល រួមមាន ប្រវត្តិ និងគោលការណ៍គ្រឹះ ការយល់ដឹងពីដើមកំណើតនៃចលនា សមាសភាគ និងសញ្ញាសម្គាល់ដែលជាតំណាងឱ្យសន្តិភាព និងការជួយសង្គ្រោះ។បេសកកម្មក្នុងស្រុក សកម្មភាពមនុស្សធម៌ដ៏សកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការជួយជ្រោមជ្រែងជនរងគ្រោះងាយរងគ្រោះបំផុតក្នុងសង្គម។ តួនាទីយុវជន ការណែនាំអំពីលក្ខខណ្ឌ និងគោលការណ៍ក្នុងការចូលជាសមាជិកយុវជន ដើម្បីក្លាយជាអ្នកបន្តវេនដ៏រឹងមាំ។ វិជ្ជាសង្គ្រោះបឋម ជំនាញសង្គ្រោះជីវិតនៅនឹងកន្លែងអ្វីដែលជាចំណុចស្នូលនៃវគ្គបណ្តុះបណ្តាលនេះ គឺការអនុវត្តផ្ទាល់លើ «វិជ្ជាសង្គ្រោះបឋម» ដែលជាបច្ចេកទេសដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងស្ថានភាពអាសន្ន។ការសង្គ្រោះបន្ទាន់ បច្ចេកទេសជួយសង្គ្រោះក្នុងករណីវិបត្តិផ្លូវដង្ហើម និងការបញ្ឈប់ការហូរឈាម។ ការដោះស្រាយបញ្ហាចៃដន្យការជួយជនរងគ្រោះដែលស្លាក់ សន្លប់បាត់ស្មារតី និងការរៀបចំដំណេកសុវត្ថិភាព។ ការបញ្ជូនជនរងគ្រោះ របៀបបង់រុំរបួស ការសង្គ្រោះករណីបាក់ឆ្អឹង និងការដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយសុវត្ថិភាពបំផុត។ "ចំណេះដឹងថ្ងៃនេះ មិនមែនសម្រាប់តែខ្លួនឯងនោះទេ តែវាគឺជាអាវុធដ៏មានតម្លៃសម្រាប់ជួយសង្គ្រោះសមាជិកគ្រួសារ និងអ្នកជុំវិញខ្លួន ក្នុងគ្រាអាសន្នបំផុត" នេះគឺជាសារដាស់តឿនក្នុងវគ្គបណ្តុះបណ្តាល។

ថ្លែងក្នុងឱកាសនោះ លោកស្រីនាយិការងក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខា និង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា ជូនដល់សិក្ខាកាមទាំងអស់។ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់យុវជន ដែលបានចំណាយពេលវេលាមកក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅផ្សព្វផ្សាយបន្ត និងត្រៀមលក្ខណៈជួយសង្គមជាតិ។

សូមបញ្ជាក់ថា ក្នុងវគ្គបំប៉ននេះ សិក្ខាកាមម្នាក់ៗបានប្តេជ្ញាចិត្តនឹងនាំយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីលើកកម្ពស់តម្លៃនៃមនុស្សធម៌នៅក្នុងសហគមន៍របស់ខ្លួន៕
ដោយ ឈុន សារ៉ាត





