អាជ្ញាធរទន្លេសាបបើកកិច្ចប្រជុំពិភាក្សាផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅ ខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- លោក ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប រួមទាំងមន្ត្រីជំនាញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពជំនាញពាក់ព័ន្ធរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ តំណាងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន៣៤រូប។

គោលបំណងនៃកិច្ចប្រជុំ រួមមាន បទបង្ហាញស្តីអំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញក្នុងតំបន់ដែលទទួលរងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដោយមន្ត្រីជំនាញអាជ្ញាធរទន្លេសាប។ កិច្ចពិភាក្សា និងការផ្តល់ធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការដាំស្តារព្រៃលិចទឹកឡើងវិញស្របតាមទីតាំងភូមិសាស្រ្តជាក់ស្តែងនៅតាមតំបន់នីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការប្រមូលព័ត៌មានទិន្នន័យ ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសពាក់ព័ន្ធកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ។

លោកប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ ដែលបានផ្តល់កិច្ចសហការណ៍យ៉ាងល្អប្រសើរ ជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការពិភាក្សាគ្នាស៊ីជម្រៅលើការកំណត់ទីតាំងអាទិភាព សម្រាប់បញ្ចូលក្នុងផែនការដាំស្ដារព្រៃលិចទឹកឡើងវិញ។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារដាំស្តារក៏បានចុះពិនិត្យទីតាំងជាក់ស្តែងដីតំបន់៣ ដែលរងការទន្រ្ទាននាពេលកន្លងមក ស្ថិតនៅតំបន់បឹងទទឹងថ្ងៃ និងតំបន់ព្រះស្នែង ក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដោយមានកិច្ចសហការចូលរួមពីលោក ប៉េង សុធារៈ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក បៃ ឃី មេភូមិខ្សាច់ជីរស់ និងលោក ឡាយ ម៉េងឡុង ប្រធានសហគមន៍នេសាទកំពង់គោ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





