ឯកឧត្តម សន សុផល ចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារស្ដារនីតិសម្បទាអនីតិជន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្ដម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារបច្ចេកទេសស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តការងារស្ដារនីតិសម្បទាអនីតិជន ដែលទំនាស់នឹងច្បាប់នៅពន្ធនាគារខេត្តរតនគិរី។

គោលបំណងនៃការចុះពិនិត្យ តាមដាន និងវាយតម្លៃនេះ ដើម្បីស្វែងរក និងដោះស្រាយបញ្ហាប្រឈម និងសួរសុខទុក្ខអនីតិជនទំនាស់នឹងច្បាប់ ជម្រុញការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ការដោះលែងដោយមានលក្ខខណ្ឌ ការបែងចែកការឃុំខ្លួនរបស់អនីតិជនឱ្យដាច់ដោយលែងពីនីតិជន ជម្រុញការអនុវត្តវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ និងវឌ្ឍនភាពអនីតិជនដែលទទួលបានការបង្វែរ។

ពិធីនោះក៏មានការចូលរួមពីលោកស្រី ញាន ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរី លោក តាន់ សេណារ៉ុង ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ តំណាងក្រសួងមហាផ្ទៃ តំណាងមន្ទីរពាកព័ន្ធ និងមន្ត្រីជំនាញប្រមាណជាង៣៥នាក់៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





