ឯកឧត្តម គីម វីរៈ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានតួនាទីជាអ្នកសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានតួនាទីជាអ្នកសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ហើយចំពោះការគ្រប់គ្រងគ្រោះមហន្តរាយ គឺយើងមានផែនការក្នុងការត្រៀមបង្ការឆ្លើយតប សង្រ្គោះបន្ទាន់ បណ្តុះបណ្តាល និងការផ្តល់ព័ត៌មានជាដើម។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើការដោយជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការឆ្លើយតបគ្រោះមហន្តរាយ និងការកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ និងការខូចខាត។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រប់តួអង្គដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបានកើតមាននៅចំពោះមុខ គឺតែងតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយជូនពលរដ្ឋរងគ្រោះ បញ្ចៀសការគ្រោះថ្នាក់ផ្សេងៗតាមដែលយើងអាចធ្វើទៅបានប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់។

ជាការរម្លឹក អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម វីរៈ បានលើកឡើងថា ការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ និងការកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ និងការខូចខាត គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងកិច្ចការគ្រប់គ្រងការងារគ្រោះមហន្តរាយ ដោយឯកឧត្តមបានជំរុញឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនីមួយៗរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួតជាដើម ជាពិសេសត្រូវធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ-សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកគាំទ្របច្ចេកទេស ខណៈប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គម និងការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





