រដ្ឋបាលខេត្តតាកែវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសេចក្តីសម្រេចស្តីពីការរៀបចំ "តាកែវសង្ក្រាន្តឆ្នាំ២០២៦" ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP តាកែវ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦-- ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសេចក្ដីសម្រេចស្ដីពីការរៀបចំ "តាកែវសង្ក្រាន្ត" នៅសាលប្រជុំច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី បានថ្លែងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀមលក្ខណៈឱ្យបានរួចរាល់ និងបង្កលក្ខណៈសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមក៏បានដាក់ចេញនូវគោលការណ៍ ណែនាំសំខាន់ៗដល់គណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។ ការរៀបចំសោភ័ណភាព មានការតុបតែងលម្អតាមដងផ្លូវ និងទីតាំងប្រារព្ធពិធីឱ្យមានភាពទាក់ទាញ និងស្រស់ស្អាត។ មានការរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ និងការកម្សាន្តនានា ដើម្បីលើកកម្ពស់វប្បធម៌ជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់លើការបម្រើសេវាសាធារណៈ និងការសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលនឹងមកកម្សាន្តនៅក្នុង "តាកែវសង្ក្រាន្តឆ្នាំ២០២" ឲ្យមានភាពរលូន និងសប្បាយរីករាយបំផុត៕

ដោយ អ៊ុច សៀង





