សម្ដេចធិបតី៖ ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកឱ្យក្លាយជាទិវាជាតិគឺដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦--«ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឱ្យក្លាយជាទិវាជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើ សិទ្ធិមនុស្ស»។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី។

តាមរយៈ សារលិខិតអបអរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ដែលបានបង្ហោះលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រធានបទឆ្នាំនេះគឺ «រួមគ្នាកសាងក្តីសង្ឃឹមនិងភាពសុខដុមរមនា» បានផ្តោតសំខាន់លើតួនាទីរបស់កម្លាំងសេវាសង្គមក្នុងការផ្តល់ ការគាំទ្រនូវតម្រូវការជាមូលដ្ឋាននិងអារម្មណ៍សុខសុវត្ថិភាព តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញ អំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមានគុណតម្លៃនិងក្រមសីលធម៌ ចំណេះដឹងនិងជំនាញក្នុងការផ្តល់សេវា ជូនជនរងគ្រោះនិងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន។
ក្នុងសារលិខិតដដែល បានបន្ថែមថា ការប្រារព្ធទិវានេះ យើងរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្តីស្រលាញ់ សន្តិភាព និង សាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរនិងយូរអង្វែងសម្រាប់មនុស្សគ្រប់ៗរូប។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់និងការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហា ប្រឈមនានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកបដោយបុរេសកម្មឱ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលអាចលេចចេញក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មសង្គម សេដ្ឋកិច្ចសកល។
ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិនិងការពារឧត្តមប្រយោជន៍របស់ ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ គឺធ្វើយ៉ាងណា ឱ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ។
ក្នុងការអភិវឌ្ឍនិងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ការទទួលស្គាល់សារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំង សេចក្តីត្រូវការក្នុងការពង្រីកនិងពង្រឹងកម្លាំងសេវាសង្គមត្រូវបានយកចិត្តទុកដាក់ ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនផ្នែកសង្គមកិច្ច បាននិងកំពុងបណ្តុះបណ្តាល និស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗ។
ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញ «គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា» ដើម្បីគាំទ្រដល់ការអនុវត្តការងារ របស់កម្លាំងសេវាសង្គម និងកំពុងបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដែលជាយន្តការដឹកនាំ គ្រប់គ្រងក្នុងការផ្តល់ ការទទួលស្គាល់ បន្ត ព្យួរ និងបញ្ចប់អាជ្ញាបណ្ណ ដល់ស្ថាប័ន ឬភ្នាក់ងារផ្តល់សេវាសង្គម និងកម្លាំងសេវាសង្គមនៅកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





