កម្ពុជា និងអូទ្រីស ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាបៃតង
AKPភ្នំពេញ ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២៦– «ក្រសួងបរិស្ថានតែងតែបើកទ្វារចំហជានិច្ចសម្រាប់អ្នកវិនិយោគអូទ្រីស ជាពិសេសអ្នកវិនិយោគលើវិស័យកែច្នៃសំណល់ និងបច្ចេកវិទ្យាបៃតង» នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ថ្លែងក្នុងជំនួប ពិភាក្សាការងារជាមួយ លោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីស នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថានឯកឧត្តម អ៊ាង សុផល្លែតឱ្យដឹងថាក្នុងជំនួបពិភាក្សានេះភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងអូទ្រីស តាមរយៈការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការនាំយកបច្ចេកវិទ្យាបរិស្ថានទំនើបៗមកកាន់កម្ពុជា។ លោក Andreas Sumper បានគូសបញ្ជាក់អំពី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីប្តេជ្ញាចិត្តរួមគ្នាបង្កើនទំហំពាណិជ្ជកម្មនេះឱ្យឈានកម្រិតខ្ពស់នាពេលអនាគត។


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានបញ្ជាក់ប្រាប់ដល់ភាគីអូទ្រីសអំពីភាពជោគជ័យនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត បៃតង និងចីរភាព តាមរយៈយុទ្ធនាការជាច្រើន និងមានការចូលរួមប្តេជ្ញាចិត្តពីប្រជាពលរដ្ឋប្រមាណជាង ១៤ លាននាក់ កាត់បន្ថយការប្រើប្រាស់ និងសំអាតសំរាម សំណល់ប្លាស្ទិក ធ្វើឱ្យតួលេខការនាំចូលប្លាស្ទិកថយចុះដល់ ៨៤% ក្នុងរយៈពេលមួយឆ្នាំ។ លើសពីនោះក៏មានការរឹងបន្តឹងច្បាប់ ដោយបានអនុវត្តក្រមបរិស្ថានយ៉ាងម៉ឺងម៉ាត់ និងតម្រូវឱ្យគ្រប់រោងចក្រត្រូវមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា៖ការកែច្នៃសំណល់ និងបច្ចេកវិទ្យាបៃតង តាមរយៈការវិនិយោគបៃតងនៅកម្ពុជា គឺជាទស្សនវិស័យបន្ត ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋកម្ពុជា និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន៕

ដោយ៖ មករា





