គម្រោងស្ថាបនា និងស្តារប្រព័ន្ធធារាសាស្ត្រចំនួន១២ ក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន៨ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួងនាព្រឹកនេះ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦--គម្រោងការងារស្ថាបនា ស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ព្រមទាំងគម្រោងការពារច្រាំងទន្លេ សរុបចំនួន១២គម្រោងត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួងនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល)និងជាតំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

គម្រោងស្ថាបនា និងស្តារប្រព័ន្ធធារាសាស្ត្រចំនួន១២ ដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សានេះស្ថិតក្នុងកញ្ចប់ថវិកាជំពូក ២១ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន ០៨ រួមមាន៖ ខេត្តពោធិ៍សាត់ (០៣គម្រោង), ខេត្តកំពង់ចាម និងស្វាយរៀង (០២គម្រោង) និងខេត្តកំពង់ធំ បន្ទាយមានជ័យ តាកែវ សៀមរាប និងខេត្តកណ្តាល (០១គម្រោង) ក្នុងមួយខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការលទ្ធកម្ម (គ.ល) អង្គភាពលទ្ធកម្ម (អ.ល) នាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ។

ឯកឧត្តម សុត រស្មី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនេះថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធានានូវភាពត្រឹមត្រូវ គណនេយ្យភាព សង្គតិភាព និងតម្លាភាព តាមរយៈការពិនិត្យ និងវាយតម្លៃរួមគ្នាលើបទដ្ឋានបច្ចេកទេស និងតម្លៃប៉ាន់ស្មានជាក់ស្តែង។

ការពិភាក្សានេះ ក៏បានផ្តោតសំខាន់លើគុណភាព និងនិរន្តរភាពនៃសំណង់ ដោយផ្អែកលើស្ថានភាពផ្ទាល់ និងការប្រែប្រួលតម្លៃក្នុងបរិបទសេដ្ឋកិច្ចសកល មុននឹងឈានដល់ការសម្រេចឯកភាពជាផ្លូវការ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាកសិករ និងការបង្កបង្កើនផលក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ វាសនា





