ឯកឧត្តម សៅ សុខា លើក៣ចំណុចសំខាន់ៗនៃបាល់ទាត់កម្ពុជា ឆ្ពោះទៅរកគោលដៅ៣កម្រិត គឺអាស៊ាន អាស៊ី និងពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦-
-ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានលើកឡើងនូវ៣ចំណុចសំខាន់ៗយ៉ាងតិច នៃចក្ខុវិស័យរបស់វិស័យកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅរកគោលដៅ៣កម្រិតនៃអាស៊ាន (AFF) អាស៊ី (AFC) និងបាល់ទាត់ពិភពលោក (FIFA World Cup) ។

ការលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើឡើង នៅក្នុងមហាសន្និបាត លើកទី២០ នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម សៅ សុខា លើកឡើងថា ការប្តេជ្ញាចិត្តរបស់យើង គឺនៅឆ្នាំ២០២៨ ឬឆ្នាំ២០៣០ ខាងមុខ ត្រូវធ្វើយ៉ាងណាឱ្យក្រុមជម្រើសជាតិកម្ពុជាមានវត្តមានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់អាស៊ាន ហើយចន្លោះឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៥ ត្រូវឆ្លងផុតវគ្គជម្រុះពានទ្វីបអាស៊ី ពិសេសការប្ដេជ្ញាចិត្តលេងពាន FIFA World Cup នៅឆ្នាំ២០៤២ ឬឆ្នាំ២០៤៦។

ដើម្បីដើរឆ្ពោះទៅរកគោលដៅនេះ ប្រធាន FFC បានលើកឡើងបែបនេះថា ៖«សូមសមាជិកទាំងអស់មេត្តាពិនិត្យពិចារណាលើយ៉ាងតិចមាន៣ចំណុច គឺទី១ ទាក់ទងនឹងធនធានមនុស្ស គ្រូបង្វឹក កីឡាករ ដែលនេះគឺមូលដ្ឋានគ្រឹះធំណាស់ ពីព្រោះកត្តាមនុស្ស គឺជាកត្តាកំណត់នូវជោគជ័យ និងបរិយាជ័យ។ ដូច្នេះការដាក់ចេញនូវចក្ខុវិស័យលើគោលដៅឆ្ពោះទៅឆ្នាំបន្តបន្ទាប់នោះ គឺសូមសំឡឹងមើលលើធនធាននៃចំណុចទី១ នាពេលបច្ចុប្បន្នថាតើយើងនឹងអាចដើរទៅដល់ឬទេ។ ទី២ គឺពាក់ព័ន្ធនឹងពេលវេលាថាតើ បច្ចុប្បន្ននេះ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨នៃតំបន់អាស៊ាន ហើយគោលដៅទៅមុខថាតើយើងអាចទៅលេងពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្របខ័ណ្ឌអាស៊ីបានទេ។ ចំពោះចំណុចទី៣ គឺទាក់ទងនឹងធនធានហិរញ្ញវត្ថុ ពីព្រោះថា មិនអាចអភិវឌ្ឍទៅបានដោយគ្មានហិរញ្ញវត្ថុនោះទេ។ ការធ្វើបាល់ទាត់ នៅកម្ពុជាមិនទាន់មានលទ្ធភាពប្រមូលលុយពីប្រភពផ្សេងយកមកអភិវឌ្ឍបាល់ទាត់បាននៅឡើយទេ។ យើងបានដឹងហើយថា កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គឺត្រឹមតែថែទាំទីលានបាល់ទាត់ ដែលយើងបានសាងសង់រួចហើយនោះ គឺមានការលំបាកទៅហើយ។ ដូច្នេះការដាក់គោលដៅឆ្ពោះទៅអភិវឌ្ឍចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមកម្ពុជាអាចធ្វើបានទៅរួចឬអត់»។

ទាំងអស់នេះ គឺជាអ្វីដែលសហព័ន្ធ ត្រូវស្គាល់ពីខ្លួនឯង និងមានការប្ដេជ្ញាចិត្ត ពិសេសក្រោយមានការដាក់ចេញនូវទិសដៅ យុទ្ធសាស្ដ្រ និងសូចនាករផ្សេងៗ ចាំបាច់ត្រូវមានប្រតិទិនការងារច្បាស់លាស់ មិនមែនបានត្រឹមអានឱ្យតែពិរោះស្ដាប់ ហើយដាក់ចេញជាទិសដៅ ប៉ុន្តែចុងបញ្ចប់ធ្វើមិនបាននោះទេ។ ទោះបីធ្វើមិនបាន ក៏ត្រូវមានមូលហេតុ និងការខំប្រឹង ប្រសើរជាងមិនបានគិត ឬការស្មាននោះដែរ។
ជាមួយគ្នានេះ សហព័ន្ធបានកំណត់ទិសដៅជាច្រើន ដូចជាការបង្កើតនូវប្រព័ន្ធប្រកួតចាប់ពីថ្នាក់ខេត្តឱ្យមានស្ថេរភាព និងបង្កលក្ខណៈប្រកួតប្រជែងឱ្យបានទៀងទាត់ ដោយមានក្រុមការងារជំនាញ ចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ ហើយឈានទៅរកការជ្រើសរើសកីឡាករ-កីឡាការិនីដោយផ្ទាល់ ដើម្បីធានាបាននូវមូលដ្ឋានរឹងមាំ ក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងគុណផលសម្រាប់ក្រុមជម្រើសជាតិគ្រប់កម្រិត ជាពិសេសគឺការឆ្លើយតបគោលដៅឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅតំបន់អាស៊ាន នៅឆ្នាំ២០២៨ ឬឆ្នាំ២០៣០ និងឈានទៅគោលដៅជើងឯកអាស៊ី និងពានរង្វាន់ពិភពលោក នាថ្ងៃអនាគត។
គួរបញ្ជាក់ថា អង្គមហាសន្និបាតបានគាំទ្រដល់ឯកឧត្តម សៅ សុខា បន្ដតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ឆ្នាំ២០២៦-២០៣០ ខណៈឯកឧត្តម ឌី វិជ្ជា និងឯកឧត្តម តែម ម៉ឺន ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឯកឧត្តម ខៀវ សាម៉េត ជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ មហាសន្និបាតឆ្នាំ២០២៦មានការចូលរួមពីតំណាងក្លឹប នៃលីគកម្ពុជា សមាគមកីឡាបាល់ទាត់រាជធានី-ខេត្ត សរុប ៣៦ ដោយមហាសន្និបាតនេះ មានការចូលរួមជាសក្ខីភាពពីតំណាងសហពន្ធ័កីឡាបាល់ទាត់ពិភពលោក (FIFA) សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ FFC)





