អង្គការ World Vision រៀបចំ«វេទិកាស្តីពីប្រព័ន្ធកសិ-ចំណីអាហារ មេគង្គ គ្រីអេតស៍ ឆ្នាំ២០២៦»
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--នៅក្នុង «វេទិកាស្តីពីប្រព័ន្ធកសិ-ចំណីអាហារ មេគង្គ គ្រីអេតស៍ ឆ្នាំ២០២៦» លោក ស្វាត ឆៃដែន និងក្រុមការងារ ដែលជាតំណាងយុវជនស្ម័ គ្រចិត្តរបស់អង្គការអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា World Vision បានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវដែលដឹកនាំដោយក្រុម យុវជនផ្ទាល់នៅក្នុងសហគមន៍របស់ពួកគេ។

លោក ស្វាត ឆៃដែន បានលើកឡើងមៅថ្ងៃទី១០ ខែមិថុនា ២០២៦ថា ដោយផ្អែកលើសម្លេងផ្ទាល់ពីសហគមន៍ ការស្រាវជ្រាវនេះបានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗ ដែលកសិករក្នុងស្រុកកំពុងជួបប្រទះ និងដំណោះស្រាយជាក់ស្តែងដែលរកឃើញដែលជាតម្រូវការរបស់សហគមន៍ ដែលមានដូចជា ការកែលម្អបច្ចេកទេសកសិកម្ម ការពង្រឹងការគាំទ្រពីភាគីពាក់ព័ន្ធ ការបង្កើនលទ្ធភាពទទួលបានការបណ្តុះបណ្តាល និងការលើកកម្ពស់ស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារឱ្យកាន់តែប្រសើរ។

ការចូលរួមនេះបានបង្ហាញពីសារៈសំខាន់នៃការបង្កើតឱកាសឱ្យយុវជនអាចផ្តល់នូវភស្តុតាង ចែករំលែកទស្សនៈរបស់សហគមន៍ និងជួបពិភាក្សាដោយផ្ទាល់ជាមួយ អ្នកបង្កើត គោលនយោបាយ និងភាគីពាក់ព័ន្ធ។ សំឡេងរបស់ពួកគេគឺមិនអាចខ្វះបានក្នុងការកសាងប្រព័ន្ធកសិកម្ម-ចំណីអាហារដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាពសម្រាប់ថ្ងៃអនាគត៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





