មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី
AKP កំពង់ធំថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៦--មន្ទីរកិច្ចការនារីខេត្តកំពង់ធំសហការជាមួយគម្រោង QSA កាលពីថ្ងៃទី ០៩-ទី១០ខែមិថុនាឆ្នាំ២០២៦បានបេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រនិងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅស្រុកសន្ទុកខេត្តកំពង់ធំ

វគ្គអប់រំផ្សព្វផ្សាយមានការចូលរួមពីលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តលោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារនិងប្រជាពលរដ្ឋក្នុងឃុំបឹងល្វានិងឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន២០៣នាក់ (ស្រី១៥៥នាក់)។
លោកស្រី ស៊ិន ស៊ីផាន បានលើកឡើងថាដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯង និងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។លោកស្រីប្រធានមន្ទីរបានបន្ថែមថាកាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រ និងគោលដៅជាច្រើន ក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។

ក្នុងឱកាសនោះដែរលោកស្រីប្រធាន មន្ទីរ ក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ នឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពម្តាយ និងទារក។បញ្ហាស្លាប់កើតនិងកើតស្លាប់មានការកើនក្នុងឆ្នាំ២០២៥ ដូច្នេះដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់លោកស្រីប្រធា នមន្ទីរបានជំរុញឱ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យតាមការណាត់របស់គ្រូពេទ្យហើយអាណាព្យាបាលដែលមានកូនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរ។ក្នងឆ្នាំ២០២៧ខាង មុខមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ឬតំណាងរាស្ត្រនៅឆ្នាំ២០២៨។

ក្នុងឱកាសនោះដែរលោកស្រីអភិបាលរ ងស្រុកបានផ្ដាំផ្ញើដល់អាណាព្យាបាលអ្នកដែលថែទាំអប់រំកូនចៅទាំងអស់ចូលរួមជំរុញឱ្យកូនស្រីបានរៀនមានសិទ្ធិស្មើនឹងកូនប្រុស និងជំរុញឱ្យស្ត្រីចូលរួមប្រើប្រាស់ផលិតផលខ្មែរផងដែរ។
លោកស្រីស៊ិន ស៊ីផានប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាក្រុមគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍និងអាចអនុវត្តក្នុងកាបង្កើនប្រាក់ចំណូលក្នុងគ្រួសារនិងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់ខ្មែរ និងខ្មែរចេះជួយខ្មែរពាក់ព័ន្ធនឹងរឿងព្រំដែនសមរភូមិក្រោយជួយឧបត្ថម្ភគាំទ្រសមរភូមិមុខ។
លោកស្រីប្រធានមន្ទីរបានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍កំដរដៃដល់អ្នកចូលរួមម្នាក់ៗទទួលបានសារុងមួយផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





