ខេត្តព្រះសីហនុបើកព្រឹត្តិការណ៍ប្រកួតកីឡាជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥
AKP ព្រះសីហនុ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ លើកទី៦ នៅទីលានតេជោស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានរយៈពេល៤ថ្ងៃ ដែលមានកីឡាករ កីឡាការិនីចូលរួមមកពី២០ប្រទេស នារសៀលថ្ងៃអង្គារទី១០ ខែកុម្ភៈឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយមរតកក្បាច់គុនខ្មែរ និងគោលដៅទេសចរណ៍ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុទៅកាន់ពិភពលោក ព្រមទាំងជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ជាតិលើមូលបទ «កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍»។ រាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលជាទស្សនវិស័យថ្មីមួយសម្រាប់តម្រង់ទិសវិស័យកីឡាជាតិឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ។ លើសពីនេះរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំទ្រលើកស្ទួយក្បាច់គុនខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លារបស់ជាតិយើងឱ្យកាន់តែល្បឺរន្ទឺនៅទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រឹងគុណភាពវិស័យអប់រំកាយ និងកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានមន្ទីរអប់រំយុវជន និងកីឡាធ្វើជាសេនាធិការ ដើម្បីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្តឱ្យកាន់តែខ្លាំងពូកែមានថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តព្រះសីហនុបានលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនឪ្យយកចិត្តទុកដាក់ថែទាំសុខភាព ដែលជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូបតាមរយៈការហាត់ប្រាណ និងលេងកីឡាដោយមិនគិតក្មេងចាស់ ឋានៈ តួនាទី ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ការពារជំងឺដូចជា ឆាប់ហត់ លើសឈាម ទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃមួយចំនួន និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ ប្រកបដោយសុខដុមនីយកម្ម។ ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព-យុវជនម្នាក់ចេះកីឡាមួយយ៉ាងតិច កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា លេងកីឡា ដើម្បីសុខភាព លេងកីឡាចៀសឆ្ងាយពីគ្រឿងញៀន ស្មារតីកីឡារស់ក្នុងខ្លួនយើងម្នាក់ៗ មានសុខភាពល្អ នាំមកនូវបញ្ញាភ្លឺស្វាង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រសាសន៍បើកព្រឹត្តិការណ៍ប្រកួតកីឡាជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ លើកទី៦ នៅលើទឹកដីតំបន់ឆ្នេរសមុទ្រនាទិសនារតីនៃប្រទេសកម្ពុជា ដែលបានប្រសិទ្ធនាមថា ជាតារារះនាទិសនារតី ហើយព្រឹត្តិការណ៍កីឡាគុណខ្មែរបានលើកស្ទួយ និងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដែលជាគោលដៅទេសចរណ៍នាទិសនារតី។ ប្រដាល់គុណខ្មែរមានតាំងពីយូរយារណាស់មកហើយ និងបានចារិកនៅលើជញ្ជាំងប្រាសាទជាច្រើនមានដូចជា ប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ដែលបានបង្ហាញភស្តុតាងយ៉ាងច្បាប់ពីក្បាច់គុណខ្មែរនៅតាមប្រាសាទក្នុងខេត្តសៀមរាប-អង្គរ។

ម្យ៉ាងទៀតវិស័យកីឡាគុណខ្មែរដោយមានការគាំទ្រពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យគុណខ្មែរត្រូវបានថែរក្សា និងអភិរក្សអភិវឌ្ឍឈានឡើងជាទីមោទកៈ ដោយមានការទទួលស្គាល់ និងគាំទ្រនៅលើឆាកជាតិ និងអន្តរជាតិក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡាជាប្រពៃណីជាតិ ស្របតាមចលនាកីឡាអូឡាំពិក ជាពិសេសយើងបានទទួលជោគជ័យក្នុងការបញ្ជូលប្រដាល់គុណខ្មែរ និងក្បាច់គុណបុក្កតោក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបណ្ឌិត ថោង ខុន សង្ឃឹមជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចគណ:កម្មការសហព័ន្ធកីឡាគុណខ្មែរបានរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ លើកទី៦នាពេលនេះប្រព្រឹត្តដោយរលូនតាមការគ្រោងទុក៕
ដោយ ងូ សុមុនី





