គម្រោងវិនិយោគចំនួន៤៣ ត្រូវបានអនុម័តចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
AKP ភ្នំពេញថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦– គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦។
ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាម៉េរិក៕



ដោយ៖ ចរិយា ប្រភព៖ CDC





