មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំគូសបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំមកនេះស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានរួមចំណែកយ៉ាងសំខាន់លើការងារអប់រំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦-- លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំមកនេះស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានរួមចំណែកយ៉ាងសំខាន់លើការងារអប់រំនៅកម្ពុជា ហើយជាការអប់រំដែលប្រកបដោយគុណភាពថែមទៀតផង។ បើតាមលោកជំទាវបណ្ឌិតថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយជាប់ៗគ្នានេះ សិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិ ដែលស្ថិតនៅក្រោមដំបូលរបស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានអ្នកជាប់និទ្ទេស A កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥កន្លងទៅគឺជាឆ្នាំពិសេសបំផុតរបស់សាលារៀនសុវណ្ណភូមិ ដោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សមកពីសាលានេះម្នាក់ដែលទទួលបាននិទ្ទេស A ដោយស្ថិតនៅលំដាប់ពិន្ទុខ្ពស់បំផុត (១០០%) ទូទាំងប្រទេស ខណៈដែលមិត្តរួមជំនាន់របស់គេជាច្រើននាក់ទៀតក៏ទទួលបាននិទ្ទេស A ផងដែរនោះ។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ដែលត្រូវបានអញ្ជើញឱ្យចូលរួមថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៦ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់បំផុតចំពោះដំណើរវិវត្តន៍របស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ដែលមានសាលារៀនជាច្រើននៅក្រោមចំណុះរបស់ស្ថាប័នអប់រំមួយនេះ បាន និងកំពុងបោះជំហានទៅមុខយ៉ាងសកម្មបំផុត ក្នុងនោះមានសាលារៀនសុវណ្ណភូមិជាដើម ដែលកំពុងតែកសាងភាពល្បីល្បាញតាមរយៈលទ្ធផលនៃការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសកាលពីឆ្នាំ២០២៥ កន្លងទៅ។

លោកជំទាវបណ្ឌិតរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា ការចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាពីគ្រប់ផ្នែក មិនថាផ្នែករដ្ឋ ឬផ្នែកឯកជននោះទេ គឺមានសារៈសំខាន់ដូចគ្នា ព្រោះយើងមានគោលដៅដូចគ្នានោះគឺ ការផ្តល់ចំណេះដឹងទៅឱ្យសិស្ស និស្សិត ដែលពួកគេនឹងក្លាយជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់ពេលអនាគត ហើយធនធានមនុស្សទាំងនេះហើយដែលយើងនឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងប្រទេសជាតិឱ្យមានការីកចម្រើន។

ក្នុងឱកាសនេះលោកជំទាវបានឱ្យដឹងដែរថា កន្លងមកមានអតីតសិស្សពូកែៗតិចណាស់ ដែលបានចាប់យកអាជីពជាគ្រូបង្រៀន គឺមានប្រហែលត្រឹមតែ ២%ប៉ុណ្ណោះ តែបច្ចុប្បន្ននេះយើងមានប្រមាណជា ៧៥% ដែលពួកគេបានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀន។ នេះមានន័យថា យើងមានគ្រូបង្រៀនដែលពូកែៗច្រើន យើងក៏នឹងទទួលបាននូវសិស្សដែលពូកែៗច្រើនផងដែរ។ តែទោះជាយ៉ាងណាក៏ដោយលោកជំទាវបានជំរុញដល់គ្រប់ផ្នែកពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់ ឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយយើងនឹងអាចផលិតបាននូវធនធានមនុស្សដែលប្រកបដោយគុណភាព ព្រោះប្រទេសមួយអាចរីកចម្រើនទៅបាន លុះត្រាតែប្រទេសនោះមានធនធានមនុស្សគ្រប់គ្រាន់ ដែលធនធានមនុស្សនេះឯងគឺកើតចេញពីការអប់រំ៕
ដោយ៖ ចាន់ សុភឿន





