ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងលើកទឹកចិត្តសិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្របានពូកែ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមទៅថ្ងៃអនាគត
AKP កំពង់ធំ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្របានពូកែ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមទៅថ្ងៃអនាគត។ ឯកឧត្តមបានជំរុញលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួបសំណេះសំណាល អប់រំសុខភាពអនាម័យដល់សិស្សានុសិស្សវិទ្យាល័យរស្មីសោភ័ណនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសិក្សាត្រូវរក្សាសុខភាពឱ្យបានល្អបំផុតនូវវិញ្ញាណទាំង៦ដូចជាឃានវិញ្ញាណ ចក្ខុវិញ្ញាណ កាយវិញ្ញាណ ជីវហាវិញ្ញាណ សោតវិញ្ញាណ និងមនោវិញ្ញាណ ព្រោះវិញ្ញាណទាំង៦នេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ជាមួយនឹងរូបរាងកាយ ក៏ដូចជាធ្វើឱ្យដំណើរជីវិតរបស់យើងបានល្អប្រសើរ ជាពិសេសយើងពុំបាច់ ចំណាយលើការថែទាំព្យាបាលសុខភាពឡើយប្រសិនបើយើងមានសុខភាពល្អប្រសើរ។

ឯកឧត្តមបានបន្ថែមថា លើសពីសុខភាពរឹងប៉ឹងគឺយើងត្រូវផ្តើមចេញពីការរស់នៅប្រកបដោយអនាម័យគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអនាម័យខ្លួនប្រាណ អនាម័យផ្ទះសម្បែង អនាម័យនៅតាមទីសាធារណៈ អនាម័យនៅសាលារៀន ហើយក៏ជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថានឱ្យបានល្អប្រសើរ និងស្រស់បំព្រងផងដែរ។ សិស្សានុសិស្សគឺត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្ជាប់ខ្ជួននូវសីលធម៌ ចរិយាធម៌ ធ្វើខ្លួនជាសិស្សល្អ កូនល្អ មិត្តល្អ ហើយត្រូវគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងនាំមកនូវសុខសុវត្ថិភាពជូនខ្លួនឯងអ្នកដទៃក៏ដូចជាសង្គមជាតិទាំងមូលថែមទៀត។

ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះជាតិសាសន៍ដែលបានចំណាយពេលវេលា និងខិតខំ ពិនិត្យព្យាបាលព្រមទាំងផ្ដល់ជូននូវឧបករណ៍ជំនួយការស្ដាប់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ដោយឥតគិតថ្លៃក៏ដូចជាការអប់រំសុខភាពអនាម័យនៅក្នុងឱកាសនេះដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃប្រកបដោយជោគជ័យ និងផ្លែផ្កាបំផុត។

សូមបញ្ជាក់ថា ក្នុងឱកាសនេះប្រធានក្រុមការងារ និងសហការីព្រមទាំងសប្បុរសជន ក្រុមគ្រូពេទ្យបានជូនឃីតអនុស្សាវរីយ៍ម្នាក់១កញ្ចប់ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណជាង១ពាន់នាក់៕
ដោយ ស៊ុម វណ្ណា





