រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦-- ដោយទទួលបានការចង្អុលបង្ហាញ គាំទ្រ និងលើកទឹកចិត្តពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយាន ជំនិះគ្រប់ប្រភេទចរាចរឡើយ។ បើគិតរហូតមកដល់ពេលនេះ ផ្លូវថ្មើរជើង១ខ្សែនេះ គឺមានអាយុកាល០១ឆ្នាំហើយ។

បើតាមការរំលឹករបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺកាលពីដំបូងឡើយ មានមតិរិះគន់ និងការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបានដើរបញ្រ្ចាស់ទិសគ្នា ដោយអ្នកខ្លះបានលើកឡើងថា វាមិនអាចទៅរួចទេ វាគ្មានបានប៉ុន្មានទេ មិនដឹងបិទផ្លូវចឹងចំណេញ ឬខាតទេ សង្ឃឹមថា ការបិទផ្លូវនេះ មិនប៉ះពាល់ដល់ការរកស៊ីរបស់បងប្អូននៅតាមបណ្តោយផ្លូវនេះទៅចុះ ។ ប៉ុន្តែភាគច្រើនលើសលប់គឺជាមតិ គាំទ្រ និងអបអរសាទរ របស់សាធារណជនចំពោះការរៀប ចំដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ។

លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា ផ្តើមចេញពីការរៀបចំជាបណ្តើរៗ ដូចជាការកែលម្អភ្លើងបំភ្លឺ ការរៀបចំកែ លម្អ និងស្ថាបនាបន្ថែមបន្ទប់ទឹកសាធារណៈ ការរៀបចំឱ្យបងប្អូនអាជីវករអាចចូលលក់ដូរផលិតផល ម្ហូបអាហារនានា ការរៀបចំផ្ទាំងទស្សនីយភាពកម្សាន្តទាំងផ្នែកបុរាណ សម័យ និងកម្មវិធីផ្សេងៗ ជាហូរហែ ព្រមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ក្នុងបរិវេណនេះជាប់ជាប្រចាំ បានធ្វើឱ្យផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរប្រមាណពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ផ្សេងទៀត។

លោកស្រីបញ្ជាក់ថា ជាមួយនឹងភាពល្បីល្បាញនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីបានប្រសិទ្ធិនាមផ្លូវនេះជាផ្លូវការថា "ផ្លូវថ្មើរជើងចតុមុខ"។ វាមិនត្រឹមតែជាទីតាំងកម្សាន្តនាពេលរាត្រីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែវាបានក្លាយជាច្រកការទូត-ទេសចរណ៍ដ៏មានប្រជាប្រិយភាពផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី និងស្ថានទូតចិន បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំព្រឹត្តការណ៍សំខាន់ៗ ដោយបានដាក់តាំងបង្ហាញនូវសិល្បៈ វប្បធម៌ និងម្ហូបអាហាររបស់ប្រទេសខ្លួននៅលើផ្លូវថ្មើរជើងនេះ ព្រមទាំងបានទទួលការគាំទ្រយ៉ាងច្រើនកុះករពីមហាជនផងដែរ។ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះអាចកើតឡើងទៅបាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បាននាំឱ្យរាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។


លោកស្រីអ្នកនាំពាក្យក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅលើដងផ្លូវ ចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងត្រៀមទទួលទេសចរណ៍បន្ថែមទៀតមកទស្សនារាជធានីភ្នំពេញ។ ជាពិសេស សូមឱ្យផ្លូវថ្មើរជើងចតុមុខកាន់តែមានប្រជាប្រិយភាព និងនៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាយើង៕
ដោយ សួស សំរិត





