ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការរៀបចំជម្រកបណ្តោះអាសន្នជូនពលរដ្ឋភៀសសឹកក្នុងស្រុកថ្មពួក ដោយសង្កត់ធ្ងន់ថា «ការការពារទឹកដី និងសុខសុវត្ថិភាពពលរដ្ឋ ជាអាទិភាពខ្ពស់បំផុត»
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦-- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវទីតាំងរៀបចំជម្រកបណ្តោះអាសន្ន ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយអមដំណើរក្នុងបេសកកម្មមនុស្សធម៌នេះ រួមមាន ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃ្លោក នួយ អភិបាលរងខេត្ត (តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត) ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តោះអាសន្ន ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារសង្គ្រាមឈ្លានពានលើដែនអធិបតេយ្យភាពពីសំណាក់ភាគីថៃ នឹងទទួលបាននូវកន្លែងស្នាក់នៅសមរម្យ មានសុវត្ថិភាព និងមានការគាំទ្រផ្នែកស្បៀងអាហារ និងសុខភាពគ្រប់គ្រាន់។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពលរដ្ឋ និងក្រុមការងារជួរមុខ ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងនូវប្រសាសន៍ដិតដាមដោយអត្ថន័យថា «គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ អ្វីៗដែលយើងបាន និងកំពុងធ្វើ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានដែលបានប្រើប្រាស់កម្លាំងសរុបរួមគ្នា គ្រប់យន្តការ សំដៅធានាដល់ការបម្រើ និងផ្តល់ជម្រកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ហើយនឹងឈានឆ្ពោះទៅស្តារឡើងវិញឱ្យបានល្អប្រសើរ»។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោនោះឡើយ។ ការរួមគ្នារវាងអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ គឺជាសសរទ្រូងដ៏រឹងមាំក្នុងការបង្កបង្កើនលក្ខណៈសម្បត្តិគ្រប់យ៉ាង ដើម្បីផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋភៀសសឹក និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងសម្រាប់ការស្តារជីវភាពពួកគាត់ឡើងវិញ នៅពេលស្ថានភាពត្រឡប់មករកភាពប្រក្រតី។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងដុតដៃដុតជើងរៀបចំប្រព័ន្ធទឹក ភ្លើង និងតង់ស្នាក់នៅបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូនពលរដ្ឋនៅក្នុងមណ្ឌលជម្រកបណ្តោះអាសន្ននេះ៕
ដោយ ឈុន សារ៉ាត





