ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា កោតសរសើរចំពោះវីរភាពក្លាហាន ស្មារតីរឹងមាំ ឆន្ទៈមោះមុតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦-- ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរមន្ត្រីសុខាភិបាល ដែលបានបង្ហាញពីស្មារតីរឹងមាំ ការខិតខំប្រឹងប្រែង និងការបម្រើសេវាសុខភាពដោយអស់ពីកម្លាំងកាយចិត្ត ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីធានាបានថាប្រជាពលរដ្ឋទទួលនូវសេវាសុខភាពបន្ត និងពេញលេញ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្គាល់ «សមត្ថភាព ក្នុងការបន្តផ្តល់សេវាសុខភាព ដែលពេញលេញជូនប្រជាពលរដ្ឋ និងជនភៀសសឹកក្នុងអំឡុងពេលគ្រាអាសន្ន បានបង្ហាញពីភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់យើង»។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់ជូនសេវាសុខភាពដល់ប្រជាពលរដ្ឋ។


សូមជម្រាបជូនថា នេះជាលើកទី២នៃការចុះពិនិត្យផ្ទាល់របស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នៅមណ្ឌលសុខភាព សម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ដែលបានដាក់ដំណើរឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកងទ័ព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព ៖ ក្រសួងសុខាភិបាល)





