ស្ថាប័នជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការអុកស្វាម Oxfam ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចាប់ផ្តើមគម្រោងដោះស្រាយបំណុលក្រៅប្រព័ន្ធតុលាការ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦-- ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ គឺជាថ្ងៃដ៏សំខាន់មួយ ដែលស្ថាប័នជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការអុកស្វាម Oxfam បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចាប់ផ្តើមគម្រោង ការទទួលបានជម្រើសយុត្តិធម៌ដើម្បីដោះស្រាយបំណុលក្រៅប្រព័ន្ធតុលាការ។


ប្រភពីអង្គការ Oxfam បញ្ជាក់ថា ភាពជាដៃគូដ៏កម្រនេះរួមមានរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាបំណុល។ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ អង្គការអុកស្វាម បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងយុត្តិធម៌ ដើម្បីបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (NADR) ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ ២០២៤។

ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ NADR បានពង្រីកដល់ខេត្តមួយចំនួនរួចហើយ រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដែលបង្ខិតសេវាយុត្តិធម៌កាន់តែជិតសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។ អង្គការ Oxfam សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ FOM ចំពោះការគាំទ្រផ្នែកថវិកាសម្រាប់គម្រោងនេះ៕
ដោយ ណយ នឿន (ប្រភព៖ Oxfam)





